រដ្ឋាភិបាលចំណាយប្រាក់ជាង៣៨០លានដុល្លារសម្រាប់ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារកូវីដ១៩

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលបានចំណាយប្រាក់ជាង៣៨០លានដុល្លារ ជួយដល់ប្រជាពល​រដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ បន្ថែមទៅលើការឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និង​ជនងាយរងគ្រោះដោយសារតែកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

យោងតាមសេចក្ដីជូនដំណឹងដដែលនេះឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០មកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋចំនួន១,៥២ទ្រីលានរៀល ឬស្មើនឹងប្រមាណ៣៨១,០៨ លានដុល្លារអាមេរិក ទៅលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

សេចក្តីជូនដំណឹងក៏បានបង្ហាញអំពី ការដាក់ឱ្យដំណើរការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធប្រឆាំងកូវីដ១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភនេះជុំទី៥លើកទី៣ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះបង្ហាញថា ការឧបត្ថម្ភសាច់ប្រាក់ទៅតាមជនប​ទមានចំនួនច្រើន គឺរហូតដល់ជាង១០៦.៨៦៥លានរៀល ខណៈការចំណាយសរុបសម្រាប់ជុំទី៥លើកទី៣មានចំនួន១១៧.២៦១លានរៀល ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកន្លងមកក៏បានប្រកាសផងដែរថា ក្នុងបរិបទកូវីដ១៩នេះ កម្ពុជាបានបន្ថែមការចំណាយរបស់ខ្លួនច្រើនជាងមុនៗ ជាពិសេសគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងចំណាយទៅលើការទប់ស្កាត់ជំងឺកូវីដ១៩។ តែទោះបីជាយ៉ាងណាកម្ពុជាបានប្រកាសថា ខ្លួននៅមានទុនបម្រុងសម្រាប់ការចំណាយ បើទោះបីជាស្ថានភាពកូវីដ១៩មកដល់ពេលនេះ នៅតែមានស្ថានភាពធ្ងន់ធ្ងរក្ដី ដោយកម្ពុជានៅតែទទួលបានចំណូលពីពន្ធដារ និងពន្ធគយនិងទឹកប្រាក់នាំចេញរយៈពេល៦ខេនេះ នៅតែខ្ពស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here