ថៃក្លាយជាប្រទេសដែលមានទេសចរច្រើនជាងគេមកទស្សនានៅកម្ពុជាក្នុងរយៈពេល៦ខែ ឆ្នាំ២០២១

ដោយៈលក្ខិណា

ភ្នំពេញៈ រយៈពេលប៉ុន្មានកន្លងទៅនេះ ចិនបានក្លាយប្រទេសដែលមានទេសចរ​ណ៍ច្រើនជាងគេមកទស្សនា និងកម្សាន្តនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសដែលមានវិនិយោគិនដាក់ទុនវិនិយោគ ច្រើនជាងគេក្នុងប្រទេសកម្ពុជា។

ប៉ុន្តែរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ថៃបានក្លាយជាប្រទេសដែលមានទេសចរច្រើនជាងគេមកទស្សនានៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ ។

តាមរបាយការណ៍ដដែលឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ទេសច​របរទេស ដែលមកកម្ពុជាមានការថយចុះ រហូតដល់៩០,៨ភាគរយ បើគិតជាចំនួនទេសចរមានចំនួន១ម៉ឺន៨ពាន់នាក់ ក្នុងនោះទេសចរណ៍ជនជាតិចិន បានធ្លាក់យ៉ាងគំហុ​ករហូតដល់៨៧,៨ភាគរយ ដែលធ្វើឱ្យភ្ញៀវទេសចរជនជាតិចិន ធ្លាក់ទៅលំដាប់ទី២វិញ ខណៈថៃបានឡើងទៅលំដាប់ទី១ ដែលមានភ្ញៀវទេសចរច្រើនជាងគេមកដល់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ក៏បានបង្ហាញផងដែរថា ក្នុងរយៈពេល៥ខែ ភ្ញៀវទេសចរជនជាតិថៃ ចូលមកកម្ពុជាមានចំនួនជាង៤ម៉ឺន៦ពាន់នាក់ ។​ដែលរួមចំណែករហូតដល់៥០,៧ភាគរយ ខណៈចិនមានភ្ញៀវទេសមកទស្សនានៅកម្ពុជាត្រឹមតែ២ម៉ឺន៧ពាន់នាក់ប៉ុណ្ណើ ក្នុងរយៈពេល៥ខែដូចគ្នា។ តែបើធៀបនឹងឆ្នាំ២០២០ ទាំងភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរចិនគឺបានធ្លាក់ចុះដូចគ្នា ។

ការធ្លាក់ចុះយ៉ាងគំហុក នៃភ្ញៀវបរទេសក្នុងឆ្នាំ២០២១នេះ ដោយសារតែការកើនឡើងនៃជំងឺកូវីដ១៩ ទាំងក្នុងលក្ខខ័ណ្ឌប្រទេសកម្ពុជា តំបន់ និងពិភពលោក ហើយបើទោះបីជាប្រទេសមួយចំនួន បានថមថយការឆ្លងក្ដីក៏ទេសចរ មិនទាន់អាចចេញធ្វើដំណើរកម្សាន្តតាមប្រទេសនានាបាននៅឡើយ។ សម្រាប់កម្ពុជាពេលនេះ គឺត្រូវពឹងផ្អែកលើភ្ញៀវទេសចរក្នុងស្រុក ដោយភ្ញៀវបរទេសនៅតែបន្តធ្លាក់ និងរំពឹងថានឹងធ្លាក់បន្តទៀតនៅឆមាសទី២នៃឆ្នាំ ២០២១នេះ ។

ទោះបីជាយ៉ាងណាក្ដីកម្ពុជា ក៏បានត្រៀមខ្លួនក្នុងការស្វាគមន៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញ នៅពេលចប់វិបត្តិកូវីដ១៩ផងដែរ ដោយបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដាខេត្តសក្ដានុពលទេសចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរនិងវិនិយោគិន ។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពេលទៅលេងតំបន់ទេសចរណ៍ ដូចជា ខេត្តសៀមរាបនិងខេត្តព្រះសីហនុ នឹងទទួលបានអ្វីដែលប្លែក ពីព្រោះខេត្តទាំងពីរនេះបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងស្អាត មានផ្លូវថ្មើជើងត្រឹមត្រូវ សម្រាប់ភ្ញៀវទេសចរដើរទស្សនាកម្សាន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here