ការងើបឡើងនៃសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ដែលជាដៃគូពាណិជ្ជកម្មកម្ពុជាហុចផលដល់ការនាំចេញ

ដោយៈលក្ខិណា

ភ្នំពេញៈ នៅឆមាសទី១នៃឆ្នាំ២០២១ សេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើង ដែលគាំទ្រ ដោយនយោបាយសារពើពន្ធនិងរូបិយវត្ថុវិត្ថារកម្ម និងសុទិដ្ឋិនិយមលើប្រសិទ្ធភាព នៃវ៉ាក់សាំងកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះយ៉ាងកំណើនសេដ្ឋកិច្ចនៅតាមតំបន់នានា ងើបឡើងវិញក្នុងល្បឿនខុសគ្នា អាស្រ័យលើលទ្ធភាព ក្នុងការបន្តអនុវត្តនយោបាយវិត្ថារកម្ម និងការចាក់វ៉ាក់សាំង។

យោងតាមខ្លឹមសារសង្ខេប នៃរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការងើបឡើងនៃប្រទេសអភិវឌ្ឍន៍ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា បានផ្ដល់ផលវិជ្ជមានដល់ការនាំចេញរបស់កម្ពុជា។ ប៉ុន្តែដោយសារតែ ការជួបប្រទះនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងក្នុងតំបន់ និងនៅកម្ពុជា វិស័យចម្បងនៃសេដ្ឋកិច្ចកម្ពុជាបន្តទទួលរងការថយចុះ ជាពិសេសវិស័យទេសចរណ៍។

ជាក់ស្ដែងភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាបានធ្លាក់ចុះ៨៧,៨ភាគរយ តម្លៃផលិតផលសរុបក្នុងវិស័យកម្មន្តសាល ថយចុះប្រមាណ៣៧ភាគរយ ហើយវិស័យសំណ​ង់ក៏បានថមថយផងដែរ ដោយតម្លៃគម្រោងសំណង់ថយចុះ៤០,៥ភាគរយ។ ដោយឡែកវិស័យកសិកម្មបន្តមានវឌ្ឍនភាពល្អ ដោយផលស្រូវរដូវប្រាំងកើនឡើង១២ភាគរយ។

ធនាគារជាតិក៏បានឱ្យដឹងថា ទោះបីយ៉ាងណាក្ដីជញ្ជីងទូទាត់កម្ពុជា នៅបន្តទទួលបានអតិរេក១៥៧លានដុល្លារអាមេរិក ដែលគាំទ្រដោយលំហូរចូលសុទ្ធនៃគណនី ហិរញ្ញវត្ថុទោះបីជាឱនភាពគណនីចរន្តបន្តកើនឡើងក៏ដោយ។ ទន្ទឹមនេះទុនបម្រុងអន្តរជាតិបន្តស្ថិតនៅក្នុងកម្រិតខ្ពស់២០,៨ពាន់លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង១០ខែ ។

បើយោងតាមរបាយការណ៍នាំចេញរបស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ឃើញថានៅតែមានភាពល្អ បើទោះបីជាមានការថមថយបន្តិចក្ដី ក្នុងនោះដែរការងើបឡើងវិញ នៃប្រទេសអភិវឌ្ឍន៍ បានធ្វើឱ្យតម្រូវការទំនិញពីកម្ពុជាក៏ច្រើន ប៉ុន្តែអ្វីដែលជាបញ្ហានិងឧបសគ្គនោះ គឺមធ្យោបាយដឹកជញ្ជូននិងថ្លៃដឹកជញ្ជូនឡើងថ្លៃជាមុនឆ្នាំមុនៗ។

មន្ត្រីជាន់ខ្ពស់កម្ពុជាក៏បានលើកឡើងថា វិបត្តិកូវីដ១៩ក្នុងឆ្នាំ២០២១នេះ មិនអាចធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាដួលរំលំនោះឡើយ ព្រោះកម្ពុជាមានទុនបម្រុងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ហើយចំណូលពន្ធក្នុងស្រុក និងក្រៅស្រុកក៏បាននៅតែអាចទប់ទល់នឹងការចំណាយរបស់កម្ពុជាបាន និងអាចសន្សំសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here