អ្នកជំនាញសេដ្ឋកិច្ច៖ គួររកអាជីវកម្មណាដែលយូរអង្វែង ទើបធ្វើទៅអាចទទួលបានជោគជ័យ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ជារឿយៗគេតែងលឺយុវជនមួយចំនួនក៏ដូចជាបុគ្គលិកធ្វើការតាមក្រុមហ៊ុនមួយចំនួន និយាយថា ចង់ចេញរកស៊ីដោយខ្លួនឯងវិញព្រោះខ្ចិលធ្វើការអោយគេ ក៏ប៉ុន្តែត្រូវចាំថាអ្នកជោគជ័យនៅតាមបណ្ដាប្រទេសរីកចម្រើនក៏ដូចជាបណ្ដាប្រទេសនានាលើពិភពលោកទៀតនោះ គេចេញរកស៊ី ដោយសារតែគេមើលឃើញឱកាស និងអាចផ្ដល់ប្រយោជន៍ដល់សង្គមជាតិ និងពិភពលោកវិញ ជាក់ស្ដែងដូចជាមហាសេដ្ឋីលើពិភពលោកមួយចំនួនបានបង្កើតអ្វីថ្មី ដូចជាFacebook ឬបណ្ដាញសង្គមនានាដែលវាផ្ដល់ប្រយោជន៍ជាច្រើនដល់មនុស្សជាតិលើពិភពលោក។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃក្រុមហ៊ុន EMC បានឱ្យដឹងថា ការចេញរកស៊ីសូមមកុំចេញរកស៊ីព្រោះតែមហិច្ចតាចង់មានចង់បាន ឬដោយសារតែគិតថាខ្ចិលធ្វើការអោយគេ និងចង់បានចំណូលអ្វីដែលជារបស់ខ្លួន ។ លោកថា ៖«ការខ្ចិលធ្វើអោយគេនិងចង់រកស៊ីដោយចង់ធ្វើជាម្ចាស់ការខ្លួនឯង វាគ្រាន់តែជាហេតុផលមួយដែលងាយៗពេក វាមិនធ្វើអោយជោគជ័យបានទេ តែវាត្រូវទាក់ទងជាមួយនឹងបេសកកម្មនៅក្នុងជីវិត ដែលចង់បាន ទាក់ទងនឹងចំណេះជំនាញ និងត្រូវសួរខ្លួនឯងថាតើស្រលាញ់ការងារហ្នឹងឬអត់ ទើបធ្វើទៅអាចទទួលបានជោគជ័យ»។

លោកបន្តថា សម្រាប់អ្នកមាន ឬអ្នកជោគជ័យក្នុងមុខរបរគេត្រូវមើលទៅលើឱកាសនៃអាជីវកម្មយូរអង្វែង និងត្រូវផ្លាស់ប្តូរជាប្រចាំ ជាក់ស្ដែងសម័យកូវីដ១៩នេះ មានអ្នកសួរខ្លួនឯងថាតើត្រូវរកស៊ីអីនៅសម័យកូវីដ១៩នេះ តែសម្រាប់អ្នកមានវិញ គេគិតថាតើត្រូវធ្វើអ្វីដើម្បីអោយក្លាយជាឱកាស គេត្រូវត្រៀមអ្វីនៅពេលអនាគត ។ ក្នុងសម័យកូវីដ១៩ មានមនុស្សមួយចំនួនចាប់ផ្ដើមចេញលក់អាល់កុល លក់ជែលលាងដៃ ដើម្បីការពារកូវីដ១៩ ដោយគិតថាវាជាឱកាសល្អសម្រាប់ពួកគេក្នុងការចេញរកស៊ី ក៏ប៉ុន្តែអាជីវកម្មនេះ វាមិនស្ថិតស្ថេរយូរអង្វែងនោះទេ ដូច្នេះគួរត្រូវរកអាជីវកម្មណាដែលយូរអង្វែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកឧកញ៉ា គួច ម៉េងលី អគ្គនាយកក្រុមហ៊ុនម៉េងលីជេគួច ( MJQ ) បានឱ្យដឹងថា ចង់កាន់កាប់មុខជំនួញបានយូរអង្វែងនិងជោគជ័យ គប្បីរៀនសូត្រអោយបានច្រើន ។ កូនអ្នកមានដែលឪពុកម្ដាយគេ មានទ្រព្យធន់ គេសិក្សារៀនសូត្រ គេអានសៀវភៅ រាប់រយក្បាល និងសេពគបមិត្តភក្ដិជាច្រើន ដើម្បីដឹងពីវិធីគ្រប់គ្រងអាជីវកម្ម ។

លោកបន្តថា អ្នកមានគេត្រូវការពេលវេលាច្រើនណាស់ គេមិនដែលនិយាយពាក្យថាខ្ចិលនោះឡើយ ពេលវេលា២៤សម្រាប់គេគឺតិចណាស់ ដូច្នេះគេត្រូវការពេលវេលាច្រើនសម្រាប់ធ្វើក្នុងមួយថ្ងៃៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here