សារព៌តមានបារាំងៈបើស្ថានភាពកូវីដ-១៩ ធូរស្រាល កម្ពុជាគឺជាគោលដៅទេសចរដែលមិនត្រូវមើលរំលង

ដោយៈសាវុធ

អន្តរជាតិៈ សារព៌តមានល្បីឈ្មោះរបស់អឺរ៉ុប (Euronews) ក្នុងមាតិកា “ដំណើកម្សាន្ត” របស់ខ្លួន បានចាត់ទុកកម្ពុជា ស្ថិតក្នុងចំណោមប្រទេស/តំបន់តូចចំនួន៧ ដែលទេសចរមិនត្រូវមើលរំលង នៅពេលដែលស្ថានភាពកូវីដ-១៩ធូរស្រាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពេលណាកូវីដចប់?មិនមានចម្លើយនោះឡើយ ប៉ុន្តែ Euronews ក៏ដូចជា Stasher ដែលជាបណ្តាញគ្រប់គ្រង ទិន្នន័យវ៉ាលិសដ៏ធំក្នុងពិភពលោក បានបង្ហាញពីលក្ខខណ្ឌដ៏សមប្រកបលើសក្តានុពលទេសចរណ៍របស់កម្ពុជា និងដែនដី៦ផ្សេងទៀត។

”រដូវក្ដៅរបស់កម្ពុជា ជារដូវត្រជាក់នៅអឺរ៉ុប វាជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ទេសចរ ក្នុងការស្រូបយកពន្លឺព្រះអាទិត្យនៅកម្ពុជា។ កម្ពុជាមានសីតុណ្ហភាពប្រហែល ៣០អង្សា នៅចន្លោះខែមេសា ដល់វិច្ឆិកា ដែលធ្វើឱ្យទេសចរណ៍ប្រទេសមួយនេះ មានភាពទាក់ទាញគ្រប់ផ្នែកទាំងអស់”។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Euronews។

បណ្តាញទូរទស្សន៍ដ៏ធំនៅអឺរ៉ុប ដែលមានទីស្នាក់ការកណ្តាលនៅក្រុងលីយ៉ុង ប្រទេសបារាំងមួយនេះ បានសរសេរបញ្ជាក់ថា បើទេសចរចង់ដើរកម្សាន្ត និងទស្សនានៅតំបន់ទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ អ្នកដំណើរគួរទៅលេងនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប។ តែបើទេសចរចង់សម្រាកលម្ហែលើឆ្នេរខ្សាច់សក្បុស ទេសចរគួរជ្រើសរើសទៅកម្សាន្តនៅកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។

ក្រៅពីកម្ពុជា គោលដៅទេសចរណ៍៦ផ្សេងទៀត ដែល Euronews និង Stasher បានណែនាំនោះរួមមាន ប្រទេសអ៊ុយរូហ្កាយ អាល់បានី ហ្ស៊កដានី ហ្គ្រើណាដ កោះសី ស្ហែល និងក្រុងម៉ាកាវ ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here