គន្លឹះឆ្លាតវៃមិនគួររំលង បើចង់ដើរលេងនៅបរទេសឱ្យសប្បាយនិងសុវត្ថិភាព

ការទៅដើរលេងនៅបរទេស គឺសុទ្ធសឹងជាក្តីស្រម៉ៃរបស់មនុស្សគ្រប់រូបក្នុងនោះអ្នកក៏ប្រាថ្នាឱ្យការធ្វើដំណើរ និងអំឡុងពេលកម្សាន្តពោរពេញដោយភាពសប្បាយរីករាយ ជាពិសេសមានសុវត្ថិភាពគ្រប់ពេលវេលា។ ទោះបីជានៅប្រទេសក្រៅមានសន្តិសុខល្អយ៉ាងណាក៏ដោយ អ្នកចាំបាច់ត្រូវមានភាពឆ្លាតវៃ និងរហ័សរហួនដោយប្រើប្រាស់នៅគន្លឹះមួយចំនួនក្នុងការរក្សាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ចៀសវាងជួបប្រទះនឹងហានិភ័យអាក្រក់នានា។

ស្កែនលិខិតឆ្លងដែន និងផ្ញើចូលអ៉ីម៉ែលខ្លួនឯង

ហេតុផលតម្រូវឱ្យធ្វើបែបនេះ ព្រោះការពារក្រែងមានឧប្បត្តិហេតុបាត់ឯកសារ។ ដូចនេះឯកសារសំខាន់ៗដូចជា លិខិតឆ្លងដែន វីសា សំបុត្រយន្តហោះ ត្រូវស្គែននិងផ្ញើចូលអ៉ីម៉ែលខ្លួនឯង ងាយស្រូលឆែកនៅពេលជួបហេតុការណ៍អាក្រក់ ឬអាជ្ញាធរនៅតំបន់នោះសួររក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាញយកកម្មវិធីផែនទី និងបកប្រែដោយមិនចាំបាច់ប្រើប្រាស់អ៉ិនធឺណែត

ជាការពិតណាស់ អ្នកមិនអាចគ្មានផែនទីបានទេ តែក៏ពុំគួរអាងតែនៅលើប្រព័ន្ធអ៉ិនធឺណែតពេកដែរ។ ដើម្បីរក្សាសុវត្ថិភាព ចៀសវាងការវង្វេង អ្នកគប្បីធ្វើការទាញយកកម្មវិធីទូរសព្ទផែនទី និងកម្មវិធីបកប្រែ ជាលក្ខណៈ Offline។ វាមានភាពងាយស្រួល ក្នុងការប្រាស្រ័យទំនាក់ទំនង និងព្រៀងទុកករណីដែលគ្មានសេវាអ៉ិនធឺណែត។

ស៊ើបសួរ និងចងចាំពីកាលវិភាគធ្វើដំណើររបស់ប្រព័ន្ធដឹកជញ្ជូនក្នុងតំបន់

ការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈគឺជាជម្រើសមួយដែលជួយសន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។ អ្វីដែលសំខាន់ ត្រូវដឹងឱ្យច្បាស់ពីពេលវេលាចេញដំណើរ និងត្រឡប់មកវិញ ដើម្បីឱ្យអ្នកត្រៀមខ្លួននិងរៀបចំដំណើរកម្សាន្តនេះឱ្យរលូន និងច្បាស់លាស់។ ប្រយ័ត្នណា រឿងឡានក្រុងចេញចោល រឿងរថភ្លើងចេញចោល មិនសប្បាយទេបើជួបហេតុការណ៍នេះ។

ការពារព័ត៌មានផ្ទាល់ខ្លួន ដោយទុកវិក័យប័ត្រ ATM

មនុស្សភាគច្រើនមើលរំលងចំនុចនេះ ដោយគិតថា ក្រដាសវិក័យប័ត្រATM គ្មានបង្កផលប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនឡើយ។ សូមចំនាំថា មនុស្សអាក្រក់អាចដឹងពីព័ត៌មានផ្ទាល់ខ្លួនច្រើន ព្រោះក្នុងវិក័យប័ត្រនោះ មានបង្ហាញពី ទីតាំង ប្រតិបត្តិការថ្មីៗ ទឹកប្រាក់ និងលេខកូដចុងក្រោយនៃគណនីធនាគារ។

ជ្រើសរើសស្នាក់នៅក្នុងសណ្ឋាគារត្រឹមជាន់ទី ២ ទៅជាន់ទី ៤

អ្នកជំនាញសុវត្ថិភាពពន្យល់ថា ការជ្រើសរើសស្នាក់នៅសណ្ឋាគារចាប់ពីចន្លោះជាន់ទី ២ដល់ទី ៤នេះ គឺជាប្រការល្អបំផុត ដោយសារជាន់ទី ១ ឬផ្ទាល់ដី វាទាបពេកដូច្នេះងាយស្រួលបំផុតបើមានករណីចោរកម្ម។ ខណៈដែលជាន់ទី ២ ឬទី ៤ វាខ្ពស់ពេកសម្រាប់ចោរកម្ម ហើយក៏ទាបល្មសម្រាប់ករណីបន្ទាន់នៅពេលដែលមានហេតុការណ៍ឆេះអគារផងដែរ។ គន្លឹះទាំងអស់នេះ គប្បីចងចាំដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ទៅដល់ទីណាក៏សុខសប្បាយរហូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here