កម្ពុជាបង្វែរការនាំចេញអង្ករទៅកាន់ទីផ្សាប្រទេសចិនខណៈទីផ្សារសហគមន៍អឺរ៉ុបថយចុះ

ដោយៈលក្ខិណា

ភ្នំពេញៈ បន្ទាប់ពីការនាំចេញអង្ករ ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ចាប់ផ្ដើមថយចុះ ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន បានកំពុងពង្រីក ដែលធ្វើឱ្យកម្ពុជាចាប់យកទីផ្សារចិន ជាយុទ្ធសាស្ត្រសម្រាប់ការនាំចេញអង្កររបស់ខ្លួន។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ាសុង សារ៉នបានលើកឡើងថា តាមពិតទៅ តម្រូវវការអង្ករនៅទីផ្សារសហគមន៍អឺរ៉ុប នៅតែមាននិងមានខ្ពស់នៅក្នុងដំណាក់កាលនៃការរាលដាលនៃជំងឺកូវីដ១៩នេះ ប៉ុន្តែបញ្ហាលើការដឹកជញ្ជូន ដោយខ្វះខាតមធ្យោបាយដឹកជញ្ជូនអង្ករ ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប និងតម្លៃ ដឹកជញ្ជូនក្នុងបរិបទកូវីដ១៩នេះឡើងថ្លៃ ធ្វើឱ្យមានបញ្ហាប្រឈម ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប។
លោកបន្តថា “ដោយប្រទេសចិនក៏មានតម្រូវការខ្ពស់ដូចគ្នា តែការនាំចេញត្រូវមានកូតាកំណត់ ហើយក៏មានបញ្ហាក្នុងការដឹកជញ្ជូនដូចគ្នា ប៉ុន្តែការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិននៅតែមានកំណើនល្អប្រសើរ និងរំពឹងថានឹងកាន់តែកើនឡើងថែមទៀតនៅពេលឆាប់ៗខាងមុខនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាសុង សារ៉នបានបន្តថា សម្រាប់បច្ចុប្បន្ននេះ សហព័ន្ធមិនបង្ខំឱ្យសមាជិកបង្កើនបរិមាណនាំចេញនោះទេ ព្រោះបើកាលណាបង្ខំនាំចេញកាន់តែច្រើននៅពេលនេះ វាអាចនឹងធ្វើឱ្យសមាជិក ដែលក្រុមហ៊ុននាំចេញ អាចនឹងខាតបង់ឬមានការឆកល្វែងដោយប្រការណាមួយ ដូច្នេះយើងត្រូវរក្សាស្ថិរភាព សម្រាប់អនាគតយូរអង្វែងតទៅទៀត ។

លោកបន្ថែមថា តាមពិតទៅរយៈពេល៦ខែក្នុងឆ្នាំ២០២១នេះ បើធៀបនឹងមុនកូវីដ១៩ក្នុងឆ្នាំ ២០១៩ គឺមានបរិមាណប្រហាក់ប្រហែលគ្នា ប៉ុន្តែបើធៀបនឹងឆ្នាំ២០២០កន្លងទៅគឺមានការថយចុះ ខណៈក្នុងឆ្នាំ២០២០កន្លងទៅ ការនាំចេញសរុបជិត៨០ម៉ឹនតោន ដែលកាលនោះមធ្យោបាយដឹកជញ្ជូននៅល្អប្រសើរ តម្លៃសមរម្យ តែចូលដល់ឆ្នាំ២០២១ស្ថានភាពកូវីដ១៩ កាន់តែរាលដាលធ្វើឱ្យផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរឡើងថែមទៀតសម្រាប់ពិភពលោកទាំងមូល។

ជាមួយគ្នានេះ ប្រធានសមាគមភស្តុភារកម្មកម្ពុជាលោកស៊ិន ចន្ធីបានឱ្យដឹងថាអង្ករជាទំនិញធ្ងន់ ហើយត្រូវការទូរកុងតឺន័រខ្លី តែសម្រាប់ទូកុងតឺន័រដែលយើងមាន គឺភាគច្រើនប្រភេទវែង ដែលមិនអាចដាក់អង្ករបាន។ ម្យ៉ាងទៀតការដឹកជញ្ជូន ទៅកាន់ប្រទេសឆ្ងាយៗ ក៏មិនសូវមានកប៉ាល់ច្រើនដូចមុន និងមិនមានកន្លែងសម្រាប់ផ្ទុកកុងតឺន័រដាក់អង្ករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here