ខេត្តចំនួន៧ត្រូវបានរដ្ឋាភិបាលជ្រើសរើសយក ដើម្បីរៀបចំផែនការទេសចរណ៍ប្រកបដោយនិរន្តរភាព

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមការងារអន្តរក្រសួង នឹងសម្រេចជ្រើសរើសយកខេត្តចំនូន៧ ដើម្បីរៀបចំគម្រោងនិរន្តរភាពទេសភាព និងកើនកម្ពស់ទេសចរណ៍ធម្មជាតិនៅកម្ពុជា។

ក្រសួងដែលកំពុងធ្វើការងារនេះ រួមមាន ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការួមគ្នាលើកកម្ពស់ហេដ្ឋារចនា និងរៀបចំគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៅខេត្តគោលដៅចំនួន៧។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមកិច្ចប្រជុំមន្រ្តីអន្តរក្រសួងខាងលើកាលពីសប្តាហ៍មុនបានឲ្យដឹងថា ខេត្តគោលដៅទាំង ៧ ដែលក្រសួងបាននឹងកំពុងអនុវត្តការងារ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។

តំបន់ដែលនឹងត្រូវអនុវត្តក្នុងខេត្តទាំង៧ នោះ រួមមាន តំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ និងសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបជាដើម។

យោងតាមតាមផែនការរបស់រដ្ឋាភិបាលបានឲ្យដឹងថា គម្រោងទាំងមូលនឹងរួមមាន ការបោះបង្គោលព្រំ ការសាងសង់ទីស្នាក់ការឧទ្យានុរក្សចំនួន៣កន្លែង មជ្ឈមណ្ឌលព័ត៌មានចំនួន៣កន្លែង ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ និងខ្សែច្រវាក់អនុផលព្រៃឈើផងដែរ។

គិតមកទល់បច្ចុប្បន្ន ក្រសួងបានកំណត់ផែនការវិនិយោគ និងកំណត់ទិសដៅការងារជាមួយនឹងក្រុមហ៊ុនឯកជន Emerging 360 រួចហើយ។

លោកសៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា តាមរយៈការរៀ​បចំពង្រីក និងស្ដារហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជារៀបចំផែនការនិរន្តភាពទេសចរណ៍ធម្មជាតិនេះ នឹងធ្វើឱ្យខេត្តគោលដៅទាំងនោះ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិច្រើនជាងមុន ដែលជួយប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ផងដែរ។

គម្រោងនេះកំពុងអនុវត្តក្រោមជំនួយ ពីធនាគារពិភពលោក ដែលមានរយៈពេល៦ឆ្នាំគិតពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here