ធនាគារធំៗក្នុងស្រុកកំពុងប្រកួតប្រជែងលើការប្រើប្រាស់ប្រព័ន្ឋជីឌីថលកាន់តែខ្លាំង

        ដោយលក្ខិណា

ភ្នំពេញៈ ធនាគារពាណិជ្ជក្នុងស្រុកធំៗមួយចំនួន បានបង្ហាញពីការប្រកួតប្រជែងលើបច្ចេកវិទ្យាធនាគារឌីជីថល ដើម្បីទាក់ទាញអ្នកប្រើប្រាស់សេវាធនាគារនៅកម្ពុជា។

លោកហុង សុខឡេងអគ្គនាយករងជាន់ខ្ពស់ផ្នែកធនាគារអាជីវកម្មធនាគារជីបម៉ុងបានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា  ធនាគារជីបម៉ុងមា​នចក្ខុវិស័យ ក្លាយជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ហើយដើម្បីក្លាយជាធនាគារឌីជីថលឈានមុខគេ ធនាគារបានចំណាយទុន ក្នុងការវិនិយោគទៅលើការស្រាវជ្រាវដោយស្ដាប់អ្នកប្រើប្រាស់និងការចង់បានរបស់អ្នកប្រើប្រាស់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា “ការស្រាវជ្រាវ និងការសិក្សាពីតម្រូវការរបស់អតិថិជន មិនមែនធ្វើឡើងតែម្ដងហើយចប់នោះ ប៉ុន្តែជីបម៉ុងត្រូវការធ្វើការសិក្សា ពីតម្រូវការអ្នកប្រើប្រាស់ជាប្រចាំនិងកែប្រែជាបន្តបន្ទាប់ ដើម្បីដើរអោយទាន់បច្ចេកវិទ្យា”។

លោកបន្តថា នៅពេលធនាគារបានដាក់ទុនរួចហើយ គឺនឹងមិនរាថយឡើយទៅលើការអភិវឌ្ឍប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារនៅកម្ពុជា ដោយកែប្រែប្រព័ន្ធអោយកាន់តែទំនើបនិងទាន់សម័យ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់សេវាធនាគាររបស់ខ្លួន។ នៅថ្ងៃអនា​គតធនាគារជីបម៉ុង នឹងធ្វើអោយអតិថិជនរបស់ខ្លួន លែងត្រូវការលុយតាមខ្លួនឡើយ គឺគ្រាន់តែមានទូរសព្ទដៃ និងកម្មវិធីធនាគាររបស់ជីបម៉ុងជាការស្រេច។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារវឌ្ឍនៈកាលពីចុងខែមុននេះ ក៏បានបញ្ជាក់ផងដែរថា ធនាគារវឌ្ឍនៈក៏នឹងដំណើរការសេវាធនាគារចល័ត ដែលផ្ដោតទៅលើការប្រើប្រាស់សេវាធនាគារតាមទូរសព្ទដៃ  ដើម្បីចូលរួមលើកស្ទួយការធ្វើទំនើបកម្មសេវាកម្មតាមបែបឌីជីថល ក្នុងវិស័យធានការ ឆ្លើយតបអោយបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់អតិថិជន លើសេវាហិរញ្ញវត្ថុមួយប្រកបដោយភាពទំនើប ងាយស្រួលឆាប់រហ័សនិងសុវត្ថិភាពខ្ពស់។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា ធ្លាប់បានលើកឡើងកន្លងមកថា ការប្រើប្រាស់សេវាធនាគារឌីជីថល ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយមិនចាំបាច់ដាក់លុយតាមខ្លួនឡើយ ហើយក៏មិនបារម្ភពីសុវត្ថិភាព នៃការបាត់បង់ថវិការបស់ខ្លួនឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here