ការនាំចូលជ្រូកពីក្រៅប្រទេសបានដាំក្បាលចុះយ៉ាងខ្លាំងក្នុងអំឡុងវិបត្តិ

ដោយៈ លក្ខិណា

ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩នេះ ការនាំចូលជ្រូកពីទីផ្សារក្រៅប្រទេស មកបំពេញទីផ្សារក្នុងស្រុក បានធ្លាក់ចុះយ៉ាងគំហុក ខណៈការផ្គត់ផ្គង់ជ្រូករស់ពីក្នុងស្រុកមានកំណើនខ្ពស់ ជាមួយតម្លៃដែលមានស្ថិរភាពល្អប្រសើរ។

លោស្រ៊ុន ពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា នៅក្នុងបរិបទកូវីដ១៩នេះ ការនាំចូលជ្រូកពីក្រៅប្រទេស មកបំពេញតម្រូវការក្នុងស្រុក បានធ្លាក់ចុះមកនៅកម្រិតទាបបំផុត ឬស្ទើរតែកាត់បន្ថយបានទាំងស្រុងទៅហើយ ក្នុងពេលកំណើននៃការផ្គត់ផ្គង់ក្នុងស្រុកបានកើនឡើងខ្ពស់ ។

លោកបន្តថា “បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ជ្រូកលើទីផ្សារក្នុងស្រុក ពីកសិករនិងក្រុមហ៊ុនចិញ្ចឹមក្នុងស្រុកបានប្រមាន៨៥ភាគរយហើយ ក្នុងនោះជ្រូកពីក្រុមហ៊ុនមានប្រមាណ៦០ភាគរយ និងជ្រូកពីកសិករផ្គត់ផ្គង់បានប្រមាណ២៥ភាគរយ ហើយសល់ពីនោះគឺជ្រូកនាំចូលពីបរទេស”។ លោកបន្តថា “ការនាំចូលជ្រូកពីបរទេសមកកម្ពុជាបច្ចុប្បន្ននេះ គឺជាការនាំចូលដើម្បីបំពេញតម្រូវការទីផ្សារ មិនមែននាំចូលមកសល់ចោល ដើម្បីសម្លាប់ទីផ្សារជ្រូកក្នុងស្រុកដូចពីមុននោះឡើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រុន ពៅបានបន្តទៀថា កំណើនអ្នកចិញ្ចឹមជ្រូក នៅក្នុងប្រទេសកម្ពុជាក៏មានសន្ទុះងើបឡើងខ្ពស់ ដោយសារពលរដ្ឋមួយចំនួនធំ បានបាត់បង់ការងារ ពីព្រោះតែកូវីដ១៩ ដូច្នេះពួកគេក៏បានត្រលប់ទៅចិញ្ចឹមជ្រូក និងចិញ្ចឹមសត្វវិញ ហើយដោយសារតែតម្លៃជ្រូក និងសត្វដទៃទៀតរក្សាតម្លៃល្អប្រសើរ ទើបធ្វើឱ្យពួកគេកាន់តែពង្រីកការចិញ្ចឹមជាបន្តបន្ទាប់។

លោកបន្ថែមថា បច្ចុប្បន្ននេះមានឈ្មួញមួយចំនួនមិនសុខចិត្ត ដោយសារតែក្រសួងបិទ រឹតបន្តឹងការនាំចូលពីខាងក្រៅប្រទេស ដោយចោទមន្ត្រីក្រសួងថា បែបនេះ បែបនោះ ដើម្បីឱ្យពួកគេបាននាំចូលជ្រូកកាន់តែច្រើនមកកាន់កម្ពុជា ប៉ុន្តែការនាំចូលមកច្រើនពេក វានឹងធ្វើប៉ះពាល់ដល់ទីផ្សារ ក្នុងស្រុកប៉ះពាល់ដល់កសិករ និងអាចនាំជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងតែវាយលុកលុយនៅប្រទេសជិតខាង មកចម្លងដល់ជ្រូកក្នុងស្រុកទៀតផង ហើយបើសិនជាមានការចម្លងដល់ជ្រូកក្នុងស្រុក នឹងនាំមកក្ដីវិនាសដូចកាលពីប៉ុន្មានឆ្នាំមុនអញ្ចឹង ។

ជាមួយគ្នានេះ លោកលី ឡាវីល ប្រធានក្រុមប្រឹក្សាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជានិងជាអ្នកគ្រប់គ្រងក្រុមហ៊ុនM’s Pig ក៏បានឱ្យដឹងផងដែរថា ឈ្មួញនាំចូលជ្រូកទាំង​ ឡាយ គួរតែផ្លាស់ប្តូរមកធ្វើអាជីវកម្មចិញ្ចឹមជ្រូកវិញទៅ វាបានផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ច្រើនជាងការនាំចូល ពីព្រោះបើកាលណាយើងចិញ្ចឹមកាន់តែច្រើន តម្រូវការវត្ថុធាតុដើមក្នុងស្រុកសម្រាប់ការចិញ្ចឹម ក៏កាន់តែច្រើន ដែលធ្វើកសិករផ្គត់ផ្គង់វត្ថុធាតុដើមក៏កាន់តែមានចំណូល ហើយពលរដ្ឋកម្ពុជាក៏បានទទួលទានសាច់ជ្រូក ដែលជារបស់ក្នុងស្រុកមានសុវត្ថិភាពជាង ការនាំចូលជ្រូកពីខាងក្រៅ មកសម្លាប់សេដ្ឋកិច្ចអ្នកចិញ្ចឹមក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here