តើការយកលុយវិនិយោគលើខុនដូចំណេញជាងយកទៅដាក់នៅធនាគារ?

ដោយៈ វណ្ណារ៉ា

ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា បើធ្វើការប្រៀបធៀបរវាងការបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យ ដោយការទិញខុនដូទុកលក់យកចំណេញ ឬជួល គឺអាចទទួលបានចំណូលខ្ពស់ទ្វេរដង ធៀបនឹងការយកលុយទៅដាក់នៅធនាគារដែលអាចទទួលបានការប្រាក់ក្នុងកម្រិតតិចតួច។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គា ដែលមានជំនាញផ្នែកទីផ្សារខុនដូនៅកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះថា គ្រប់ការិនិយោគទាំងអស់ គឺសុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណង     ទ​ទួលបានប្រាក់ចំណេញត្រឡប់មកវិញក្នុងអត្រាខ្ពស់ដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យជារឿងត្រឹមត្រូវ ហើយមិនថាពេលនេះ ឬបន្តទៅថ្ងៃអនាគតនោះទេ វិស័យមួយនេះគឺនៅតែមានប្រជាប្រិយភាព និងនៅតែមានឱកាសទទួលចំណេញ”។ លោកបន្តថា “បើគេប្រៀបធៀបការវិនិយោគ ដោយការយកលុយទៅទិញខុនដូទុកវិនិយោគ និងការយកលុយទៅដាក់នៅធនាគារដើម្បីទទួលបានចំណូល ខ្ញុំអាចបញ្ជាក់ថា ការវិនិយោគជាមួយខុនដូមានផលល្អជាង”។

លោកគង្គាបានបន្តថា ចំណូលដែលអាចទទួលបាន ពីការដាក់លុយនៅធនាគារគឺបានមកតាមរយៈអត្រាការប្រាក់ ដែលជាទូទៅអាចស្ថិតក្នុងរង្វង់៣,៥ភាគរយក្នុងមួយឆ្នាំ ដែលចំណូលនេះ នៅមិនទាន់បានគិតបញ្ចូលពីកាតព្វកិច្ច បង់ពន្ធជូនរដ្ឋនៅឡើយនោះទេ។ ដោយឡែកសម្រាប់ការយកលុយទៅទិញខុនដូ គឺអាចទទួលបានផលចំណេញច្រើនជាងនេះ និងទៅតាមអាយុកាលនៃការអភិវឌ្ឍន៍ ដោយរាប់ចាប់គិតពីពេលគម្រោង ផ្តើមបុកគ្រឹះរហូតដល់ពេលគម្រោងបញ្ចប់ការសាងសង់ និងដាក់បញ្ចូលទៅក្នុងទីផ្សារ។

អ្នកជំនាញរូបនេះបានអះអាងទៀតថា “ខ្ញុំឧទាហរណ៍ថា យើងមានលុយ១០ម៉ឺនដុល្លារ យកទៅដាក់នៅធនាគារដើម្បីទទួលបានការប្រាក់ ដូច្នេះមួយឆ្នាំក្រោយនឹងទទួលបានការប្រាក់ប្រមាណ៣៥០០ដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹងជាង២៩០ដុល្លារក្នុងមួយខែ ប៉ុន្តែបើយកលុយ១០ម៉ឺនដុល្លារ ទៅទិញខុនដូទុកសម្រាប់ជួល យ៉ាងហោចណាស់អាចទទួលបានប្រមាណ៥០០ដុល្លារក្នុងខែ ឬស្មើនឹង៦០០០ក្នុងមួយឆ្នាំពីការជួល”។

លោកបញ្ជាក់បន្ថែមថា សម្រាប់ការទិញគម្រោងខុនដូទុកលក់បន្តយកចំណេញ ក៏ជាជម្រើសល្អផងដែរ ដែលជាទូទៅគម្រោងខុនដូ ដែលដាក់លក់នៅលើទីផ្សារនៅពេលមិនទាន់បុកគ្រឹះ និងក្រោយពេលបុកគ្រឹះសាងសង់ គឺមានតម្លៃខុសគ្នាចាប់ពី១០ភាគរយឡើងទៅ ហើយនៅពេលរូបរាងនៃគម្រោងទាំងមូល ត្រូវបានបង្ហាញឡើង តម្លៃក៏បន្តកើនឡើងដូចគ្នា ប៉ុន្តែអ្នកវិនិយោគត្រូវប្រាកដថា ការទិញគម្រោងខុនដូដែលអាចទទួលបានចំណេញខ្ពស់គ្មានហានិភ័យកើតឡើង ក៏អាស្រ័យទៅតាមគម្រោង។

លោកខន គង្គា បានបញ្ជាក់ថា បើទោះជាការវិនិយោគដោយការទិញខុនដូមាន    អត្រាទទួលបានចំណេញត្រឡប់មកវិញខ្ពស់ក្ដី ប៉ុន្តែក៏មានការវិនិយោគខ្លះជួបហានិភ័យផងដែរ ឧទាហរណ៍ថា នៅក្នុងរាជធានីភ្នំពេញមានគម្រោងខុនដូចំនួន១០០ មិនមែនមានន័យថា គ្រប់ការវិនិយោគទៅលើគម្រោងទាំងអស់នេះ សុទ្ធតែទទួលបានចំណេញដូចគ្នានោះទេ ដែលវាអាស្រ័យទៅតាមគម្រោងនីមួយៗ ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ និងទីតាំងគម្រោងដែលមានសក្ដានុពលជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here