តម្រូវការអុកស៊ីសែននៅកម្ពុជាហក់ឡើងខ្ពស់ក្នុងរយៈពេលពីរខែក្រោយនេះ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ តម្រូវការអុកស៊ីសែននៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈពេលតម្រូវការប្រើប្រាស់នៅតាមមន្ទីរពេទ្យបានកើនឡើងខ្ពស់ ស្របពេលការឆ្លងរាលសដាលជំងឺកូវីដកាន់តែអាក្រក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំណាងរោងចក្របញ្ចូលឧស្ម័ន ភីភីជី (PPG) ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ទេព វិចិត្រ បានឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា សព្វថ្ងៃនេះការផលិតអុកស៊ីសែន នៅទីតាំងរបស់លោក មានភាពមមាញឹកខ្លាំងក្នុងការវេចខ្ចប់ ដោយមានការបញ្ជាទិញពីកន្លែងលោកប្រមាណ ១០ទៅ១៥តោន ជារៀងរាល់ថ្ងៃ គ្រាដែលពីមុនការរបញ្ជាទិញមានប្រមាណតែ៧ទៅ៨តោនប៉ុណ្ណោះក្នុង១ថ្ងៃ។

លោកបន្តថា “មួយរយៈពេលនេះការបញ្ជាទិញ មានមកពីខាងក្រសួងផង មន្ទីរពេទ្យផង ដូចជាឯកជននិងរដ្ឋទាំងនៅភ្នំពេញ និងខេត្ត ដែលសំរុកខ្លាំងក្នុងការបញ្ជាទិញ ដោយសារតម្រូវការខ្លាំងក្នុងវិបត្តិកូវីដ១៩នេះ”។

លោកទេព វិចិត្រ បានបញ្ជាក់ថា តម្លៃរាយគឺ៤,៥០០រៀល ក្នុង១គីឡូក្រាម។ ចំពោះតម្លៃបោះដុំ ដែលអតិថិជនយកទៅលក់បន្ត គឺក្នុងតម្លៃ២,២០០រៀល ក្នុង១គីឡូក្រាម។ លោកឲ្យដឹងទៀតថា សម្រាប់ការផ្គត់ផ្គង់អុកស៊ីសែនពីរោងចក្ររបស់លោក អាចវេចខ្ចប់បានប្រមាណ២០តោនក្នុងមួយថ្ងៃ។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានវត្តន៍ បានមានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជាមិនទាន់មានរោងកច្រខ្នាតធំផលិតអុកស៊ីសែននៅឡើយទេ គឺមានតែសិប្បកម្មធុនតូច និងមធ្យមប៉ុណ្ណោះ។ សិប្បកម្មវេចខ្ចប់ និងផលិតអុកស៊ីសែន ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្មសរុបចំនួន៤ទីតាំង ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តកណ្តាល។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការសរុបស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ករណីឆ្លងសរុបចំនួន៦៥,៥០០នាក់ ករណីជាសះស្បើយសរុប៥៧,០២៧នាក់។ ក្នុងនោះករណីឆ្លងថ្មីចំនួន ៨៨៩នាក់ និងករណីជាសះស្បើយថ្មីសរុប៨៤៩នាក់។ ដោយឡែក ករណីស្លាប់គិតមកដល់ពេលនេះ សរុបចំនួន ១,០៥២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here