ការរៀបចំឥណទានឡើងវិញនៅកម្ពុជាមានទំហំទឹកប្រាក់ជាង១៦០០លានដុល្លារ

ដោយៈ សាវុធ

ភ្នំពេញៈ លោកកាំង តុងងីអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា ចំនួនអតិថិជនស្នើសុំរៀបចំឥណទានឡើងវិញមានជាង៣៤៨ ០៩៤នាក់ ក្នុងទំហំឥណទានសរុបជាង១៦៦៤លានដុល្លា គិតមកត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកាំង តុងងីបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២១នេះថា គ្រឹះស្ថានហិរញ្ញវត្ថុទាំង១១៤ ជាសមាជិករបស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំឥណទានឡើងវិញជូន ដល់អតិថិជនមានចំនួន៣៤៨ ០៩៤នាក់ ក្នុងទំហំឥណទានសរុបជាង១៦៦៤លានដុល្លា គិតគិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្ថែមថា រយៈពេលប្រមាណ៥សប្តាហ៍ចុងក្រោយនេះ ការស្នើសុំរៀបចំឥណទានឡើងវិញ មានការធ្លាក់ចុះបន្តិច។ តែទោះជាយ៉ាងនេះក្ដី សមាគមនៅតែមិនទាន់អាចវាយតម្លៃបានថា ផលប៉ះពាល់នឹងមានការថយចុះនោះដែរ។

លោកបានឱ្យដឹងទៀតថា “តាមការសង្កេតរបស់សមាគមឃើញថា ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មានស្ថានភាពមិនល្អប្រសើរឡើយ ហើយរឹតតែរីករាលដាលទៅកាន់គ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ ជាការប្តេជ្ញាចិត្តរបស់វិស័យមីក្រូហិរញ្ញវត្ថុ នឹងបន្តរៀបចំឥណទានឡើងវិញ ជូនអតិថិជនដ៏រាបណាផលប៉ះពាល់ នៃជំងឺកូវីដ១៩ នៅតែមានបើទោះជាគ្រឹះស្ថានខ្លួន កំពុងធ្លាក់ចុះប្រាក់ចំណូល និងកើនឡើងថ្លៃប្រត្តិបត្តិការក្តី”។

លោកបានបញ្ជាក់ទៀតថា យន្តការនៃការរៀបចំឥណទានឡើងវិញ មានសារៈសំខាន់ណាស់ ក្នុងការជួយសម្រាលបន្ទុកអតិថិជន ដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវី១៩ ក្នុងកំរិតធ្ងន់ និងមធ្យម។ យន្តការនេះបានជួយបន្ធូរបន្ទុកអតិថិជន ក្នុងការបង់សងត្រលប់មកកាន់គ្រឹះស្ថាន និងបានផ្តល់ឪកាសឲ្យអតិថិជន យកប្រាក់ដែលខ្លួនមានទៅប្រើប្រាស់ សម្រាប់កិច្ចការងារផ្សេងចាំបាច់ ក៏ដូចជាប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបន្ថែមថា ក្នុងករណីខ្លះគ្រឹះស្ថានបានផ្តល់ជំរើស មិនបាច់បង់សងត្រលប់ទាំងដើម ទាំងការរហូតដល់រយៈពេល៦ខែ ហើយអាចរៀបចំឥណទានឡើងវិញរហូតដល់បីដង។

លោកបញ្ជាក់ទៀតថា ក្រៅពីយន្តការរៀបចំឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជារួមទាំង ធនាគាមីក្រូហិរញ្ញវត្ថុ តាមរយៈសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា កាលពីដើមខែមេសា បានដាក់ចេញនូវអន្តរាគមន៍បន្ថែម ដើម្បីជួយដល់អ្នករងផលប៉ះពាល់ដោយផ្ទាល់ ដូចជាអ្នកជាប់កកាតព្វកិច្ចចត្តាឡីស័ក អ្នកឆ្លងជំងឺ ឬអ្នកដែលមានសមាជិកស្លាប់ ដោយសារជំងឺនេះផងដែរ។ ការផ្តល់ជូននេះ បានទទួលការសាទរពីសាធារណជន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here