រដ្ឋាភិបាលកម្ពុជាប្រកាសរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនៅចុងឆ្នាំនេះតាមប្រព័ន្ធវីដេអូវិញ

ដោយៈ លក្ខិណា

ភ្នំពេញៈ ដោយសារតែស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ក៏ដូចជាស្ថានភាពកូវីដនៅលើពិភពលោកនៅតែបន្តរាលដាល កម្ពុជាបានប្រកាសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ តាមប្រព័ន្ធវីដេអូវិញនៅថ្ងៃទី២៥និង២៦វិច្ឆិកា២០២១។

យោងតាមសេចក្តីព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ដោយសារតែជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេចឡើងនៃវីរុសបំលែងថ្មីៗ បានបង្កើតឱ្យមានរលកនៃការឆ្លងថ្មីនៅបណ្ដាប្រទេស ជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះ ដូច្នេះ កម្ពុជាសម្រេចទទួលបន្ទុករៀបចំកិច្ចប្រជុំអាស៊ី អឺរ៉ុប នៅចុងខែវិច្ឆិកា២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីសម្រេចនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយបានបញ្ជាក់ថាការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់បណ្ដាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាមិនអាចប្រព្រឹត្តិទៅបានផងដែរ ព្រោះជំងឺរាតត្បាតនេះ បាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្ដាប្រទេសជាច្រើនលើសកលលោកបានដាក់ចេញនូវការរឹតត្បិតការលើការធ្វើដំណើរសារជាថ្មី។

កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងនាំមកនូវការវិនិយោគការធ្វើមុខជំនួញថ្មីៗបន្ថែមទៀតដល់កម្ពុជា ទោះបីជាកិច្ចប្រជុំនេះ មិនបានធ្វើឡើងដោយផ្ទាល់ក្ដី។

មន្ត្រីជាន់ខ្ពស់កម្ពុជាបានបញ្ជាក់ថា កម្ពុជានៅតែទទួលបានឱកាសវិនិយោគពីសំណាក់វិនិយោគិនបរទេសនិងក្នុងស្រុកនៅក្នុងវិបត្តិកូវីដ១៩ ហើយកម្ពុជាក៏ គួរតែត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិនថ្មីៗជាបន្តបន្ទាប់ក្រោយចប់កូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here