ដោយៈសុខុម
សិង្ហបុរី: លោក Gan Kim Yong រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានថ្លែងនៅឯវេទិកា FutureChina Global Forum កាលពីថ្ងៃច័ន្ទ ទី១២ កក្កដា នេះថា ការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថលរវាងអាស៊ាន និងចិន នឹងជួយសម្រួលដល់ពាណិជ្ជកម្ម និងជំរុញការងើបឡើងនៃសេដ្ឋកិច្ចតំបន់។ នេះបើយោងតាមសារព័ត៌មាន The Business Times។
ថ្លែងក្នុងឋានៈជាភ្ញៀវពិសេសសម្រាប់ព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយស្ថាប័ន Business China នេះ រដ្ឋមន្ត្រីសិង្ហបុរី រូបនេះបានគូសបញ្ជាក់ពីវិធានការសំខាន់ៗមួយចំនួនដែលសិង្ហបុរី អាចនឹងយកទៅអនុវត្តដើម្បីធ្វើឱ្យតំបន់អាស៊ាន ចូលទៅប្រទេសចិន កាន់តែងាយស្រួល ដើម្បីទទួលយកឱកាសសេដ្ឋកិច្ចបន្ថែមទៀត។
លោកបានគូសបញ្ជាក់ថា “គំនិតផ្តួចផ្តើមតភ្ជាប់ចិន-សិង្ហបុរី (ក្រុងឆុងឈីង)” (China-Singapore (Chongqing) Connectivity Initiative) ជាច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មីមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់រំហូរទំនិញសំខាន់ៗ ដូចជា ស្បៀងអាហារ និងគ្រឿងបរិក្ខារផ្គត់ផ្គត់ផ្នែកវេជ្ជសាស្ត្រជាដើមរវាងប្រទេសចិន និងតំបន់អំឡុងវិបត្តិកូវីដ-១៩”។
ទោះបីជាមានការរអាក់រអួលខ្លះក្ដី ក៏ច្រករបៀងនេះទទួលបានកំណើនរំហូរទំនិញ៣០%ឆ្នាំធៀបនឹងឆ្នាំ។
លោកជឿជាក់យ៉ាងមុតមាំថា ការបង្កើនការតភ្ជាប់ និងឱកាសសេដ្ឋកិច្ចក្នុងតំបន់នឹងជួយជំរុញឱ្យសេដ្ឋកិច្ច ក្នុងតំបន់ងើបឡើងឆាប់រហ័ស។
ក្រៅពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រទេសសិង្ហបុរី ក៏គ្រោងនឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិនផងដែរ តាមរយៈវិធានការនានា។ វិធានការមួយចំនួនក្នុងចំណោមនោះរួមមាន ទាំងវិធានការដែលមានស្រាប់ ដើម្បីជួយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុននានានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ៤.០ (Industry 4.0) ព្រមទាំងផែនការកំពុងបន្តអនុវត្តន៍នានា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទិន្នន័យរួម (Common Data Infrastructure (CDI)) សម្រាប់ដោះស្រាយភាពមិនមានប្រសិទ្ធភាព ក្នុងប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់បច្ចុ ប្បន្នផងដែរ។
លោក Gan Kim Yong បានថ្លែងថា “តាមរយៈការសម្របសម្រួលការផ្លាស់ប្តូរទិន្នន័យ ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យរួម (CDI) អាចជួយជំរុញប្រសិទ្ធភាព និងផលិតភាពតាមរយៈរំហូរព័ត៌មាន កាន់តែល្អប្រសើរនៅក្នុងប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល”។
លោកបានបន្ថែមថា “ការអភិវឌ្ឍCDI នឹងជួយជំរុញឱ្យប្រទេសសិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលឌីជីថល (Digital Hub) សម្រាប់ពាណិជ្ជកម្ម និងបង្កើតឱកាសថ្មីៗសម្រាប់បណ្ដាដៃគូសហការរបស់យើងធ្វើពាណិជ្ជកម្មជាមួយ និងការឆ្លងកាត់ប្រទេសសិង្ហបុរី”។
នៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសជាសមាជិកទាំង១០ របស់អាស៊ាន និងប្រទេសចិន បានកើនឡើង៧% ដល់៧៣០ពាន់លានដុល្លារអាមេរិក។
រដ្ឋមន្រ្តីសិង្ហបុរី រូបនេះលើកឡើងថា ទំហំពាណិជ្ជកម្មដ៏ធំសម្បើមនេះ ជាសញ្ញាបង្ហាញថា ពាណិជ្ជកម្មរវាងអាស៊ាន និងចិននៅតែបន្តរឹងមាំ បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្ដី។
លោក Gan Kim Yong បានគូសបញ្ជាក់ថា បណ្ដាសេដ្ឋកិច្ចជាសមាជិកអាស៊ាន ក៏នឹងមានសារៈសំខាន់កាន់តែខ្លាំងឡើងចំពោះប្រទេសចិន។ លោកថ្លែងថា កត្តានេះធ្វើឱ្យសិង្ហបុរី និងប្រទេសជាសមាជិកអាស៊ាន ផ្សេងៗទៀតស្ថិតនៅក្នុងជំហរដ៏ល្អ ដើម្បីជួយសម្រួលដល់រំហូរទំនិញ ហិរញ្ញប្បទាន និងការវិនិយោគរវាងចិន អាស៊ាន និងតំបន់ផ្សេងទៀតនៃពិភពលោក។
លោកបានគូសបញ្ជាក់ជាថ្មីម្ដងទៀតថា “ប្រទេសសិង្ហបុរី និងអាស៊ាន អាចបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដ៏រឹងមាំរបស់យើងជាមួយប្រទេសចិន ហើយស្វែងរកឱកាសថ្មីៗដើម្បីបង្កើនពាណិជ្ជកម្មរូបវន្ត និងឌីជីថល”។លោកបានបន្ថែមថា “ការធ្វើដូចនេះ ប្រទេសសិង្ហបុរី និងអាស៊ាន អាចរក្សាបាននូវសារៈសំខាន់របស់យើង និងបន្តរីកចម្រើនជាមួយគ្នាក្នុងនាមជាតំបន់តែមួយ”៕