ដោយៈ សាវុធ
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការអភិវឌ្ឍ និងការបង្កើតចម្ការឈើដាំនៅលើផ្ទៃដីទំនេររបស់រដ្ឋ ដីព្រៃរេចរឹល ដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅទីផ្សារក្រៅប្រទេស។ នេះបើយោងតាមលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា តម្រូវការឈើសម្រាប់សង់ផ្ទះគ្រឿងសង្ហារឹម ឈើថាមពល នៅតែមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមិនទាន់គ្រប់គ្រាន់នៅទ្បើយពីការប្រើប្រាស់ឈើធម្មជាតិ។
ក្រសួងបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ធនធានឈើ ដែលបានមកពីចម្ការឈើដាំនៅមានកម្រិតទាប ដែលនាំឲ្យមានកង្វះខាតឈើដាំសម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មក្នុងរោងចក្រកែច្នៃផលឈើ ដូចជាការផលិតក្តារបន្ទះ ឬវ៉ឺនៀល ឈើចំណិត ឈើថាមពល និងផលិតផលពាក់កណ្តាលសម្រេចផ្សេងៗទៀត ធ្វើឱ្យកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមឈើពីក្រៅសម្រាប់ប្រើប្រាស់ក្នុងស្រុកផងដែរ។
ក្រសួងបានឱ្យដឹងទៀតថា នេះជាហេតុចាំបាច់ត្រូវការឱ្យមានការវិនិយោគបន្ថែមលើការដាំដុះឈើ និងការកែច្នៃ ដើម្បីបង្កើតការងារនៅមូលដ្ឋាន ការកាត់បន្ថយការពឹងអាស្រ័យលើព្រៃឈើធម្មជាតិ និងផ្តល់នូវវិភាគទានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងអាចកាត់បន្ថយបាននូវការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះផងដែរ ការដាំដើមឈើលើដីទំនេរ ឬដីព្រៃឈើរេចរឹលរបស់រដ្ឋ ដើម្បីបង្កើតជាព្រៃឈើក្នុងទំហំតូចៗច្រើនកន្លែងគឺជាសកម្មភាពចាំបាច់មួយដោយលើកទឹកចិត្តឱ្យមានការចូលរួម ពីផ្នែកឯកជន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ឬបុគ្គលជាលក្ខណៈគ្រួសារ នោះគឺអាចកាត់បន្ថយសម្ពាធប្រើប្រាស់ផល អនុផលព្រៃឈើដែលមានប្រភពចេញពីព្រៃធម្មជាតិ ផ្តល់ឱកាស ការងារ បង្កើនជីវភាព ផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្រិតមូលដ្ឋាន និងជាផ្នែកមួយជំរុញការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច-មធ្យម ក្នុងន័យសម្រេចបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។
ក្រសួងកសិកម្មបានឱ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការអភិវឌ្ឍ និងការបង្កើតចម្ការឈើដាំនៅលើផ្ទៃដីទំនេររបស់រដ្ឋ ដីព្រៃរេចរឹល ដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច សម្រាប់បង្កើនផលិតភាព និងសេវាកម្មព្រៃឈើធានាដល់ការផ្គត់ផ្គង់ផលឈើដាំឈើសម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅទីផ្សារក្រៅប្រទេស ដោយសហការជាមួយក្រុមហ៊ុនឯកជនមួយចំនួនធ្វើការដាំឈើផលិតកម្មក្នុងរូបភាពជាដៃគូសហការរដ្ឋ និងឯកជន (PPP) លើផ្ទៃដីសរុបទំហំ ៨៤ ៣៩៤ហិកតា ស្ថិតនៅខេត្តស្ទឹងត្រែង ក្រចេះ ឧត្តរមានជ័យ មណ្ឌលគិរី និងដាំឈើដៃគូជាលក្ខណៈគ្រួសារចំនួន០៣ទីតាំង លើផ្ទៃដីសរុបទំហំ ៩ ៨០០ហិកតា ស្ថិតនៅខេត្តបន្ទាយមានជ័យ។
លើសពីនេះ សម្រាប់ការជំរុញទូទាំងប្រទេស ផែនការយុទ្ធសាស្រ្តអភិវឌ្ឍព្រៃផ្តល់ផល(១០ឆ្នាំ) បានកំពុងរៀបចំទ្បើងដោយផ្តោតសំខាន់ទៅលើការដាំឈើដើម្បីផ្គត់ផ្គង់ដល់វិស័យសំណង់ ថាមពល និងការនាំចេញក្រៅប្រទេស៕