ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ បន្ទាប់ពីទទួលបានការគាំទ្រទាំងស្រុង ពីគណៈកម្មការជំនាញនៃរដ្ឋសភា កម្ពុជានឹងដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្រសួងពាណិជ្ជកម្ម គ្រោងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅកាន់រដ្ឋសភា ដើម្បីសុំការអនុម័តនៅឆ្នាំ២០២២ខាងមុខនេះ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានបើកកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធ វីដេអូ ក្រោមវត្តមានលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានលើកឡើងថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ដើម្បីអាចចូលជាធរមានបាននៅនៅដើមឆ្នាំ២០២២ខាងមុខ។
ក្នុងអង្គប្រជុំនោះ លោករដ្ឋមន្រ្តីបានរៀបរាប់អំពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ រួមមាន ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯង ឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត ផ្តល់កាលានុវត្តភាព ផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិនការទទួលបានផលប្រយោជន៍ ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹង ដល់វិស័យផលិតកម្មក្នុងស្រុក និងការរៀបចំនិងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។
លោករដ្ឋមន្រ្តីបន្តថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ពិតជាបានចូលរួមអនុវត្តន៍យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ស្របតាមចំណុចទី៤ស្តីពី ការពង្រឹង សមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួនចូល ក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។
ជាពិសេស ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩ ដែលកិច្ចព្រមព្រៀងនេះ ក៏នឹងជួយដល់យុទ្ធសាស្រ្តស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ព្រមទាំងជួយឱ្យមានភាពសាំនៃសង្គម -សេដ្ឋកិច្ចក្នុងប្រក្រតីភាពថ្មី នៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋយើង៕