មុខងារ Self-Account-Opening នឹងចូលរួមក្នុងការបន្ថយការឆ្លងនិងចម្លង ជំងឺកូវីដ១៩នៅកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ បើទោះជាមនុស្សគ្រប់គ្នាត្រូវរក្សាគម្លាត កាត់បន្ថយការចេញក្រៅក៏ដោយ ក៏តម្រូវការប្រើប្រាស់ សេវាហិរញ្ញវត្ថុប្រចាំថ្ងៃនៅតែមាន ដូចជាការវេរលុយ ទូទាត់ថ្លៃទំនិញ បង់ទឹកភ្លើងជាដើម ដែលជាកត្តាញ៉ាំងឱ្យប្រព័ន្ធឌីជីថលត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងដើម្បីសម្រួលតម្រូវការទាំងនោះ។

ស្របជាមួយស្ថានភាពនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានខិតខំផ្តល់ដំណោះស្រាយ និងសេវាកម្មឈានមុខគេជូនអតិថិជន បានដាក់ឱ្យដំណើរការ មុខងារថ្មីគឺ Self-Account-Opening នៅលើ Mobile ដែលអនុញ្ញាតឱ្យអតិថិជនអាចបើកគណនីធនាគារដោយខ្លួនឯងបានយ៉ាងងាយ រហ័ស ដោយមិនត្រូវការឯកសារសាំញ៉ាំ និងមិនចំាបាច់ធ្វើដំណើរទៅកាន់ការិយាល័យ។

អ្វីដែលពិសេសនោះមុខងារ Self-Account-Opening នៅលើ Mobile នឹងចូលរួមក្នុងការកាត់បន្ថយនូវការឆ្លងនិងចម្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានមួយកម្រិតទៀតផង តាមរយៈការមិនជួបគ្នាផ្ទាល់ និងការមិនចេញក្រៅដើម្បីទៅបើកគណនីនៅតាមបញ្ជរការិយាល័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា យើងតែងតែខិតខំ វិវឌ្ឍន៍ខ្លួនជាមួយតម្រូវការអតិថិជន និងឱ្យទាន់សម័យកាល តាមរយៈផលិ​តផល និងសេវាកម្មដ៏សម្បូរបែប។ សេវាបើកគណនីធនាគារដោយខ្លួនឯងនេះ នឹងផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយទៀត ជូនដល់អតិថិជនក្នុងការចាប់ផ្តើមប្រើប្រាស់គណនីធនាគារ និងប្រតិបត្តិការតាមបែបឌីជីថលទំនើបតាមរយៈMobile ដែលមានភាពងាយស្រួល ចំណេញពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។

បន្ថែមពីដើម្បីលើកទឹកចិត្ត និងជំរុញឱ្យអតិថិជនប្រើប្រាស់ប្រព័ន្ធឌីជីថល ឱ្យបានច្រើន យើងផ្ដល់ឱ្យអតិថិជនដែលបើកគណនីដោយខ្លួនឯង មានឱកាសទទួលប្រាក់រង្វាន់ដែលមានរហូតដល់៤០ម៉ឺនរៀលរៀងរាល់ថ្ងៃ។

លោកបន្តថា “បទពិសោធន៍មួយនេះ នឹងចូលរួមពង្រីកបរិយាប័នហិរញ្ញវត្ថុ នៅកម្ពុជាតាមទិសដៅរបស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា”។ លោកបន្ថែមថា “យើងជឿជាក់ថា សេវាកម្មមួយនេះ នឹងទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជនមួយកម្រិតថែមទៀត ហើយយើង ក៏នឹងបន្តអភិវឌ្ឍខ្លួនដើម្បីផ្តល់ដំណោះស្រាយល្អៗជូនដល់អតិថិជនប្រកប ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់”។

គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង៤០០លានដុល្លារអាមេរិក ប្រាក់បញ្ញើជាង២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន១៤៩កន្លែង និងភ្នាក់ងារជិត៦,០០០កន្លែងនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here