ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ប្រធានសមាគមអចលlនទ្រព្យសកល (GRA) លោកសំ សុខនឿនបានអះអាងថា នៅពេលនេះអ្នកវិនិយោគចិនកាន់តែច្រើន បានត្រលប់មកកាន់កម្ពុជាវិញហើយ ខណៈពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួច។
លោកបានមានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី៧ កក្កដាកន្លងមកថា លោកបានជួបជាមួយអ្នកវិនិយោគចិនថ្មីៗជាច្រើន ដែលពួកគេបានស្វែងរកសេវាកម្មដីធ្លី និងសេវាកម្មទិញលក់ជួលជាច្រើនទៀត។ លោកបន្តថា អ្នកវិនិយោគចិនកាន់តែច្រើនបានមកដល់ខេត្តព្រះសីហនុវិញហើយ ដែលនេះជាសញ្ញាល្អសំរាប់ទីផ្សារអចលនទ្រព្យកម្ពុជា អាចងើបឡើងវិញយ៉ាងឆាប់រហ័ស។
លោកបន្តថា “មានអ្នកវិនិយោគចិនជាច្រើន បានទាក់ទងការងារជាមួយសមាគម និងក្រុមហ៊ុនរបស់ខ្ញុំជាច្រើន ក្នុងមួយរយៈចុងក្រោយនេះ ដោយសាររដ្ឋាភិបាលចិនបានចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លូនស្ទើរ១០០ភាគរយហើយ”។លោកបន្តថា “ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ លោកបានខិតខំដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ ឲ្យបាន១០លាននាក់នៅឆ្នាំខាងមុខ ស្របពេលកម្ពុជានឹងទទួលបានវ៉ាក់សាំង គ្រប់២០លានដូស នៅខែសីហាខាងមុខនេះ”។
លោកសំ សុខនឿនបានបន្តថា បច្ចុប្បន្នទំនុកចិត្តក្និងទីផ្សារអចលនទ្រព្យ បានងើបឡើងវិញបណ្តើរៗហើយ ខណៈពេលស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញល្អប្រសើរនៅឆ្នាំនេះ បើទោះបីជារងការរំខានពីជំងឺកូវីដ១៩ក្តី ប៉ុន្តែយើងឃើញហើយថា ការនាំចេញរបស់កម្ពុជានៅតែកើនឡើងក្នុងឆមាសទី១ឆ្នាំនេះ។
ទំនាក់ទំនងរ៉ឹងមាំដូចដែកថែបរវាងរដ្ឋាភិបាលចិន និងកម្ពុជា នឹងក្លាយជាស្ពានមូយដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីប្រទេសចិន ពិសេសក្រោយពេលកម្ពុជា ចិនបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួច នឹងធ្វើឲ្យទំហំនៃការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនកើនឡើងខ្ពស់ ស្របពេលអ្នកវិនិយោគចិន និងបណ្តាប្រទេសជាច្រើនទៀត នឹងជ្រើសរើសកម្ពុជាជាមូលដ្ឋានផលិត ដើម្បីនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ៕