ការបញ្ជាទិញឧបករណ៍តេស្តរហ័សកូវីដ១៩ កើនឡើងជាង៤០ម៉ឺន ក្នុងរយៈពេល០៥ថ្ងៃ

ដោយ: ពៅនិមល/ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា គិតត្រឹមរយៈពេល៥ថ្ងៃមកនេះ មានក្រុមហ៊ុន-ស្ថាប័នចំនួន២១០ បានបញ្ជាទិញនិងទទួលឧបករណ៍តេស្តរហ័សពីក្រសួងរួចរាល់សរុបចំនួន ៤៦ ៦៧៥ឧបករណ៍។

លោក ម៉ុក រ៉ាឌី អគ្គនាយក នៃអគ្គនាយករដ្ឋបាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ បានមានប្រសាសន៍ថា ការលក់ឧបករណ៍តេស្តរហ័សជូនបណ្ដាក្រុមហ៊ុន-ស្ថាប័ន ក្រសួងផ្ដល់ជូនអាទិភាព ដល់ទីតាំងដែលមានបុគ្គលិកច្រើន និងកំពុងប្រឈមហានិភ័យ ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ លោកឲ្យដឹងទៀតថា ក្រសួងក៏នឹងធ្វើការដោះស្រាយសំណើទិញផ្សេងទៀតស្របតាមអាទិភាពខាងលើជាបន្តបន្ទាប់ទៅតាមបរិមាណស្តុករបស់ឧបករណ៍ដែលនៅសល់ និងនាំចូលបន្ថែម។

លោកបានបន្តថា ទាក់ទងការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់ឧបករណ៍ លោកបានបញ្ជាក់ថា ក្រសួង និងសហការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំការបណ្ដុះបណ្ដាលដល់បណ្ដាក្រុមហ៊ុន-ស្ថាប័នដែលត្រូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តែបច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបានទិញនូវឧបករណ៍តេស្តរហ័សរួចរាល់ គឺមានក្រុមការងាររបស់ខ្លួន រឺបានជួលនូវក្រុមគ្រូពេទ្យជំនាញដើម្បីបំពេញលើការងារនេះហើយ។ លោកបន្តថា អ្វីដែលក្រុមហ៊ុន-ស្ថាប័នត្រូវការជាចាំបាច់ពេលនេះ គឺឧបករណ៍តេស្តរហស័។ ទោះបីជាពុំទាន់មានការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ក្ដី ក្រសួងប្រៃសណីយ៍តាមរយៈផេកហ្វេសប៊ុក គឺបានបង្ហោះនូវវីដេអូខ្លី ស្ដីពីនីតិវិធីប្រើប្រាស់ ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ បានយ៉ាងត្រឹមត្រូវ ដោយវីដេអូនោះមានរយៈពេលជាង ៣នាទី ជាពីរភាសា គឺភាសាខ្មែរ និងអង់គ្លេស។

កាលពីកន្លងទៅថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគម បានបង្ហាញថា ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ដែលក្រសួងនាំចូលដើម្បីលក់ជូនក្រុមហ៊ុន-ស្ថាប័ននាពេលនេះ គឺជាផលិតផលមកពីប្រទេសកូរ៉េ ដោយលក់ក្នុងតម្លៃដើមត្រឹមតែ ៣.៧ ដុល្លារ ស្មើនឹងជាង ១៤ ០០០រៀល ក្នុងមួយឧបករណ៍។ ការលក់ជូននេះ ធ្វើឡើងក្នុងគោលដៅប្រើប្រាស់សម្រាប់បុគ្គលិករបស់ក្រុមហ៊ុន-ស្ថាប័នរបស់ខ្លួន ដោយហាមប្រាមការចែកចាយ រឺលក់បន្តជាដាច់ខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here