ដោយៈ ម៉ាណេត
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា នៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលបាន អូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។
គិតត្រឹមខែ ឧសភា ឆ្នាំ២០២១ ការនាំចេញ្ចសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ សកម្មភាពនៅក្នុង វិស័យសំណង់ និងទុនវិនិយោគពីបរទេស បាននងកំពុងបន្តធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ។
ទោះបីជាយ៉ាងនេះក្តី ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា ការនាំចេញក្រៅពីសម្លៀកបំពាក់និងផលិតផលកាត់ដេរ ដូចជាកង គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ។
ក្រសួងបានបន្តថា ជារួមសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចដៃច្ចពាណិជ្ជកម្មរបស់កម្ពុជា កំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជា ។
ជាក់ស្តែងក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ការនាំចេញទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន៥.៩៨២លានដុល្លារ(ស្មើនឹង ២៤ % នៃផសស) បានកើនឡើង ១, ៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចេញកង់ និង ទំនិញផ្សេងៗ ។
ទន្ទឹមនេះ ការនាំចូលទំនិញ(ដកមាសចេញ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន៨.៦៦៤លានដុល្លារ (ស្មើនឹង ៣៤, ២% នៃផសស) បានកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូលក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ទនៈ និងទំនិញផ្សេងៗ។
រយៈពេល៥ខែ ឆ្នាំ២០២១ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន១.៨២៩គម្រោង បានធ្លាក់ចុះ២៧៨តម្រោង ក្នុងនោះ ប្រភេទសំណង់លំនៅ ដ្ឋានមាន១.៦០៧គម្រោង (ស្មើនឹង៨៧, ៩%នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ១៣៩គម្រោង និងតម្លៃតម្រោងសរុបមាន២៣៤៩លានដុល្លារ ធ្លាក់ចុះ៣២,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ស្ថានភាពវិនិយោគ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ជាក់ស្ដែងគម្រោងវិនិយោតឯកជន សរុបមានចំនួន៤៥គម្រោងម្រោង បានធ្លាក់ចុះ៤៧គម្រោង អាចមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណ៣០ពាន់នាក់ គឺបានធ្លាក់ចុះ៥៦,២% និងទុនវិនិយោគសរុប៨២៥លានដុល្លារ បានធ្លាក់ចុះ៥៩,៣%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕