ដោយៈសុខុម
ក្រុងរីយ៉ាដ: យោងតាមការចុះផ្សាយរបស់សារព័ត៌មានAljazeera ឱ្យដឹងថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត គ្រោងបោះទុនវិនិយោគរហូតដល់១៤៧ពាន់លានដុល្លារ នៅក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារនៅត្រឹមឆ្នាំ២០៣០។
គម្រោងបោះទុនវិនិយោគដ៏មហាសាលនេះ ត្រូវបានទម្លាយឱ្យដឹង ស្របពេលព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman ចង់ប្រែក្លាយព្រះរាជាណាចក្រមួយនេះទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោក។
លោក Saleh Al Jasser រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃច័ន្ទ ទី៥ ខែកក្កដាថា ប្រមាណ៣៥ភាគរយ នៃខ្ទង់ចំណាយនោះនឹងបានពីរដ្ឋាភិបាល ហើយសល់ប៉ុន្មានបានពីវិស័យឯកជន សម្រាប់គម្រោងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីមួយ គម្រោងពង្រីកអាកាសយានដ្ឋាននានា គម្រោងកសាងបណ្ដាញរថភ្លើងធំជាងមុន និងគម្រោងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីៗ។
ផែនការទាំងនេះ គឺជាផ្នែកនៃយុទ្ធសាស្ត្រដ៏មហិច្ឆតាមួយ ដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រកាសកាលពីសប្ដាហ៍មុន ដើម្បីជួយធ្វើពិពិធកម្ម (ធ្វើឱ្យសម្បូរបែប) សេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលជាប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក។
ក្រុមមន្រ្តីអារ៉ាប៊ីសាអូឌីត ចង់ប្រែក្លាយរដ្ឋធានីរីយ៉ាដ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទាក់ទាញអ្នកមានទេពកោសល្យបរទេស ឱ្យបានកាន់តែច្រើន និងទាក់ទាញភ្ញៀវទេសចរ ឱ្យបាន១០០លាននាក់នៅត្រឹមឆ្នាំ២០៣០។ ផែនការគោលដៅទាំងនេះនឹងទាមទារឱ្យប្រទេសនេះ បង្កើនចំនួនជើងហោះហើរឱ្យបានច្រើន ព្រោះប្រទេសនេះ ផ្ដល់តែទិដ្ឋាការទេសចរណ៍ប៉ុណ្ណោះចាប់តាំងពីឆ្នាំ២០១៩ មក។
ពួកគេក៏សង្ឃឹមដែរថា នឹងបង្កើនចំនួនឱ្យបានជិត៤ដង នូវអ៊ិស្លាមសាសនិក ដែលធ្វើដំណើរមកកាន់ទីក្រុងពិសិដ្ឋមេក្កា (Mecca) ដើម្បីចូលរួមក្នុងក្បួនធម្មយាត្រា។
*ក្រុមហ៊ុនអាកាសចរណ៍ថ្មី
ចំណុចស្នូលនៃយុទ្ធសាស្រ្តនេះ គឺជាផែនការបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីមួយនៅក្នុងទីក្រុងរីយ៉ាដ។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដែលមានស្រាប់ឈ្មោះថា Saudia នឹងរក្សាទុកមូលដ្ឋានរបស់ខ្លួន នៅក្នុងទីក្រុងជេដា (Jeddah) ដែលក្រុមមន្ត្រីចង់ប្រែក្លាយជាមជ្ឈមណ្ឌលទី២ ទាំងសម្រាប់វិស័យសាសនា និងទេសចរណ៍។
នៅពេលសាកសួរថា តើក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីនេះ នឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ធំៗ ក្នុងបណ្ដាប្រទេសក្បែរខាងដូចជាក្រុមហ៊ុន Emirates និងក្រុមហ៊ុន Qatar Airways ជាដើមឬយ៉ាងណា លោក Saleh Al Jasser រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបានលើកឡើងថា ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត គ្រាន់តែឆ្លើយតបទៅនឹតម្រូវការចាំបាច់របស់ប្រទេសនេះ នូវមជ្ឈមណ្ឌលអាកាសចរណ៍មួយក្នុងទីក្រុងរីយ៉ាដ ប៉ុណ្ណោះ។
*ព័ត៌មានលម្អិតផ្សេងៗទៀតនៃយុទ្ធសាស្ត្រថ្មីនេះរួមមាន៖
“ការពង្រីកដ៏ធំមួយ” នូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានក្នុងក្រុងជេដា និងក្រុងរីយ៉ាដ។
– ការជំរុញផែនការកសាងបណ្ដាញរថភ្លើង តភ្ជាប់ក្រុងជេដា ជាមួយក្រុងរីយ៉ាដ និងឆ្នេរខាងកើត។
– ការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់បច្ចេកវិទ្យា នាថ្ងៃអនាគតដូចជា Hyperloop និង Maglev ជំនាន់ថ្មីជាដើម។
– គម្រោងក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ត្រូវបានរំពឹងថានឹងចាប់ផ្ដើម “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” គឺមិនដល់ច្រើនឆ្នាំនោះឡើយ៕