ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តផ្នែកគយ សម្រាប់សហគ្រាសធុនតូចនិងមធ្យម (SMEs) ដើម្បីជំរុញបន្ថែមការអភិវឌ្ឍ ការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្ម របស់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើន និងបង្កើតការងារសម្រាប់ប្រជាជន។
ដើម្បីអាចទទួលបានការលើកទឹកចិត្តផ្នែកគយ សហគ្រាសធុនតូចនិងមធ្យមត្រូវបំពេញ៣ ល័ក្ខខ័ណ្ឌ ទី១ បានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ឬមធ្យម។ ទី២ ជាសហគ្រាសធុនតូចនិងមធ្យម ស្ថិតក្នុងវិស័យអាទិភាព ទី៣ បំពេញនីតិវិធីនៃការស្នើសុំការលើកទឹកចិត្តផ្នែកគយ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ចំពោះនីតិវិធីចុះបញ្ជីពន្ធដារ សហគ្រាសធុនតូច និងមធ្យម អាចសួរនាំព័ត៌មានបន្ថែម នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព អាចទទួលបានការលើកទឹកចិត្តផ្នែកគយចំពោះមុខសញ្ញា ដូចជា ទី១ សម្ភារៈបរិក្ខារផលិតកម្ម សំដៅដល់គ្រឿងម៉ាស៊ីន ឧបករណ៍ ដែលបានប្រើប្រាស់ជាមូលដ្ឋាន ក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះមិនអាចបំលែងបាន ដោយខ្លួនឯងឬមិនត្រូវបានប្រើប្រាស់អស់ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីបាននាំចូល។
សម្ភារៈសាងសង់ សំដៅដល់សម្ភារសំណង់ រួមទាំងឧបករណ៍បរិក្ខារ ដែលបានបំប្លែង ឬបានប្រើប្រាស់ទាំងស្រុង នៅក្នុងការសាងសង់សំណង់បម្រើឱ្យផលិតកម្ម។
ធាតុចូលផលិតកម្ម សំដៅដល់ទំនិញ រួមទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារ បន្ទាប់បន្សំបម្រើឱ្យផលិតកម្ម ដែលត្រូវបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញ នៅក្នុងកិច្ចដំណើរ-ការផលិតកម្ម មិនឱ្យហួសរយៈពេល២ឆ្នាំ បន្ទាប់ពីបាននាំចូល។
សម្គាល់ៈ សម្ភារៈបរិក្ខារផលិតកម្ម សម្ភារៈសាងសង់ និងធាតុចូលផលិតកម្មមិនគិតបញ្ចូលនូវយានយន្ត គ្រឿងបន្លាស់យានយន្ត ផលិតផលតេលសិលា និងសម្ភារបរិក្ខារៈនិងគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ៕