បណ្តាហាងជាច្រើននៅភ្នំពេញនៅតែបន្តស្កេន QR Codeដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលវីរុសកូវីដ១៩

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ការអនុវត្តន៍ស្កេនQR Code Stop Covid តាមបណ្តាហាងក្នុងរាជធានីភ្នំពេញ នៅតែបន្តប្រើប្រាស់ និងតម្រូវឲ្យចូលរួមអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ប្រធានគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន ហួតជា លោក ហង្ស វិចិត្រ ស្ថិតនៅក្បែរផ្សារបឹងបៃតង ខណ្ឌសែនសុខ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៦ កក្កដានេះថា សម្រាប់ទីតាំងហាងសព្វថ្ងៃ មិនថាជំងឺកូវីដ១៩ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ឬក្នុងធូរស្រាលយ៉ាងណា៏ដោយ ក៏ក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់ និងគោរពតាមវិធានការសុខាភិបាល ជាពិសេស “៣ការពារ ៣កុំ”និងប្រើប្រាស់នូវកម្មវិធីស្កេន QR Code ដើម្បីចូលរួមអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ថែមទៀត ដល់ការប្រយុទ្ធប្រឆាំងជំងឺឆ្លងមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការចូលរួមទប់ស្កាត់នូវជំងឺឆ្លងមួយនេះ ក្រៅពីកម្មវិធីស្កេន QR Code គ្រប់បុគ្គលិក និងអតិថិជនចេញចូលក្នុងហាង តែងតែវាស់កម្តៅ និងបាញ់ទឹកអាល់កុល​សម្អាតដៃជាប់ជានិច្ច ព្រោះថាជំងឺនេះនៅមិនទាន់ផុតរលត់នៅឡើយនៅកម្ពុជា”។

ចំណែកកញ្ញា ស៊ីម វីឡាលី អ្នកគ្រប់គ្រងស្ទេលឡា Baby Martបាននិយាយឲ្យ​ដឹងផងដែរថា រយៈពេលជិត១ឆ្នាំហើយ ដែលហាងបើកដំណើរការមកទល់ពេលនេះ មិនធ្លាប់មានបញ្ហាអ្វីកើតឡើងទេទាំងបុគ្គលិកការងារ និងអតិថិជន ព្រោះរាល់សកម្មភាពចេញចូលហាង ពួកគាត់តែងតែប្រុងប្រយ័ត្នខ្ពស់ និងពាក់ម៉ាសជាប់ជានិច្ច។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីកន្លងទៅនេះ បានអំពាវនាវជាថ្មីទៅដល់គ្រប់ក្រសួង ស្ថាប័ន ម្ចាស់អាជីវកម្ម ម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើន និងសាធារណជនទាំងអស់ ត្រូវតែចូលរួមប្រើប្រាស់ប្រព័ន្ធQR Code ទប់ស្កាត់កូវីដ សម្រា​ប់​ទីតាំងរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here