បញ្ហាដឹកជញ្ជូនធ្វើឱ្យការនាំចេញអង្ករកម្ពុជាធ្លាក់ចុះខណៈចិននៅតែឈរលំដាប់លេខ១ក្នុងការនាំចូលអង្ករពីកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន២៨០,៤៥០តោន ដែលគិតជាទឹកប្រាក់ ចំនួន២០២.៦៧លានដុល្លារសហរដ្ឋអាមេរិក ខណៈទីផ្សារចិនឈរនៅលំដាប់ទី១ក្នុងការនាំចូលអង្ករពីកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងថា ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រ ហែលគ្នាទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ២០១៨ និង ២០១៩។ ចំពោះទឹកប្រាក់នៃការនាំចេញ ក៏បានធ្លាក់ចុះចំនួន២៣.៧១%ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លារ មកត្រឹម២០២.៦៧លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងដូច្នេះថា “ការធ្លាក់ចុះទាំងបរិមាណ និងតម្លៃ គឺដោយសារបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសសម្រាប់ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឱ្យតម្រូវការ និងតម្លៃលក់នាំចេញនៅត្រឹមកំពង់ផែ របស់អង្ករក្រអូបកម្ពុជា ធ្លាក់ចុះយ៉ាងគំហុកពីតំលៃមធ្យម ប្រមាណ៩០០ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល៧៣០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ”។

សម្រាប់ទីផ្សារដែលកម្ពុជាបាននាំអង្ករទៅកាន់នៅក្នុង ឆមាសទី១ នៃ ឆ្នាំ២០២១គឺមាន ប្រទេសនាំមុខចំនួន៥ រួមមាន ១). ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន៥១.០៩% ស្មើនឹង១៤៣ ២៩៣ តោន ២). ប្រទេសបារាំង១០.៥០% ស្មើ ២៩ ៤៣៤ តោន ៣). ប្រទេសហ្កាប៊ុង៧.៩៣% ស្មើនឹង២២ ២២៨តោន ៤). ប្រទេស ម៉ាឡេស៊ី៦.៧៩% ស្មើនឹង១៩ ០៣០តោន និងទី៥). ប្រទេសហូឡង់៣.៥៤% ស្មើ៩ ៩២១ តោន។

ដោយឡែកចំពោះ ប្រភេទអង្ករនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១នេះដែរ ឃើញថា អង្ករក្រអូបប្រណីតមាន៣៧.៣៥% អង្ករក្រអូបធម្មតាមាន២៨.៥៦% អង្ករសគ្រាប់វែងមាន២៦% អង្ករចំហុយមាន២% អង្ករសរីរាង្គមាន២% អង្ករបាក់ ៣% អង្ករដំណើប ១.២២ %។

សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករសរុបដែលកម្ពុជា នាំចេញមានចំនួន៤៧ ៤១៩ តោន ដែលមានការកើនឡើង១៤.១% បើធៀបនឹងខែមិថុនា ឆ្នាំមុន គិតជាទឹកប្រាក់ ៣៣.៦៩លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និងតំបន់ស្វយ័តមានចំនួន ២២ ៤៥៩ តោន គិតជាទឹកប្រាក់១៥.១៨លានដុល្លារ ដែលតួលេខនាំចេញទៅចិននេះមានកំនើន១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលមានបរិមាណត្រឹម១១ ១២៤ តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here