កម្ពុជារំពឹងនាំចេញកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ ៣០ម៉ឺនតោននៅឆ្នាំ២០២០នេះ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ កម្ពុជារំពឹងនឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៣០ម៉ឺនតោនក្នុងឆ្នាំ២០២០នេះ ខណៈរំពឹងថាទិន្នផលសរុបនឹងទទួលបាន៣៥ម៉ឺនតោន ដោយសារតែផ្ទៃដីទទួលផលនៃដំណាំកៅស៊ូនាពេលបច្ចុប្បន្ននេះ មានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានមានប្រសាសន៍ថា ក្នុងរយៈពេល៦ខែដើមឆ្នា ២០២០នេះ កម្ពុជាបាននាំចេញកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិប្រមាណ១០ម៉ឺនតោន តែសម្រាប់ដាច់ឆ្នាំទាំងមូលអាចនឹងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៣០ម៉ឺនតោន។

លោក បានថ្លែងថា “ក្នុងរយៈ៦ខែ យើងនាំចេញបានជាងតែ១០ម៉ឺនតោន តែយើងមានមហិច្ឆតានាំចេញអោយបាន៣០ម៉ឺនតោន ព្រោះថាកៅស៊ូជាដំណាំប្រមូលផលរើសរដូវ។ ពីខែមករា ដល់ខែឧសភា មិនមែនជារដូវប្រមូលផលកៅស៊ូពេញបន្ទុកនោះទេ គឺគេប្រមូលតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែកៅស៊ូប្រមូលផលពេញបន្ទុកគឺចាប់ពីខែមិថុនាតទៅរហូតដល់ចុងឆ្នាំ ដូច្នេះហើយទើបយើងរំពឹងថាពីពេលនេះទៅនឹងប្រមូលផលបានច្រើនសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សម្រាប់អ្នកធ្វើចំការកៅស៊ូគេ ដឹងច្បាស់ណាស់ពីការប្រមូលផង ដោយនិយាយ៤ខែចុងឆ្នាំទិន្នផលអាចស្មើនឹង៨ខែដើមឆ្នាំ ហើយបច្ចុប្បន្ននេះ ផ្ទៃដីប្រមូលផលកៅស៊ូមាន២៩ម៉ឺនហិចតា ដោយរំពឹងថានឹងទទួលបានទិន្នផល៣៥ម៉ឺនតោន។

ដោយឡែកតម្លៃកៅស៊ូក៏មានការប្រែប្រួលខុសគ្នាខ្លាំងណាស់ដែរ ក្នុងរយៈពេលជិតមួយទសវត្សរ៍នេះ ដោយកាលពីឆ្នាំ ២០១១ តម្លៃកៅស៊ូលើពិភពលោកមានតម្លៃ រហូតដល់ជាង៦០០០ដុល្លារអាមេរិកក្នុងមួយតោន លើទីផ្សារអន្តរជាតិ ក៏ប៉ុន្តែសម្រាប់ទីផ្សារកម្ពុជាវិញអាចលក់បានកាលហ្នឹងតែជាង៥០០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយតោន។

រហូតមកដល់ឆ្នាំ ២០១៥ តម្លៃកៅស៊ូបានធ្លាក់ចុះទាបខ្លាំង ហើយមកដល់បច្ចុប្បន្នបានកើនឡើងដល់១៤០០ដុល្លារអាមេរិក គឺបានឡើងក្នុងរយៈពេលពីរខែចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here