អាជ្ញាធរខណ្ឌមានជ័យសម្រេចបិទរោងចក្រ JH បន្ទាប់ពីរកឃើញអ្នកវិជ្ជមាន កូវីដ២៣៧នាក់

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ រោងចក្រ ជេអេច ហ្គាមេន ខេមបូឌា (JH Garment Cambodia) ដែលស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌ សម្រេចផ្អាកអាជីវកម្មរយៈពេល ១៤ថ្ងៃជាបណ្តោះអាសន្ន ដោយសាររកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតចំនួន២៣៧នាក់ នៃចំនួនកម្មករសរុប៩៦៤នាក់។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៣០ មិថុនាកន្លងមកថា ការសម្រេចបិទរោងចក្រ ជេអេច ហ្គាមេន រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្តដា ក្រោយពីមានការចុះត្រួតពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវ ក្នុងការទប់ស្កាត់កុំឲ្យរាលដាលក្នុងជំងឺកូវីដ១៩ របស់អាជ្ញាធរ​ខណ្ឌ​មានជ័យ និងមន្រ្តីតំណាងក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “អ្នកវិជ្ជមានកូវីដ១៩ នៅតាមបណ្តារោងចក្រ គឺក្រុមការងារចុះវាយតម្លៃទី១ ករណីរោងចក្រដែលមានវិជ្ជមានកូវីដ១៩ ក្រោម១០ភាគរយយើងបិទតាមលក្ខណៈរបស់អាជ្ញាធរមូលដ្ឋាន គឺតម្រូវរយៈពេល២ថ្ងៃ ឬក៏១សប្តាហ៍ (៧ថ្ងៃ) របស់ក្រសួងការងារ ប៉ុន្តែបើករណីធំលើសពី១០ភាគរយ មានន័យថាJHនេះ រហូតដល់២៥ភាគរយហើយ ដែលហួសគោលការណ៍ អញ្ចឹងត្រូវតែតម្រូវបិទស្វ័យប្រវត្តិ១៤ថ្ងៃ”។

បើក្រោម១០ភាគរយ ក្រុមការងារចម្រុះរបស់ខណ្ឌ មានរួមទាំងក្រុមគ្រូពេទ្យបង្អែកនិងអាជ្ញាធរ សមត្ថកិច្ចនិងក្រសួងការងារ មន្ទីរការងារគឺចុះវាយតម្លៃ ពិនិត្យមើលតាមផ្នែក បើសិនជាករណីទ្រង់ទ្រាយតូច គេពិនិត្យតាមផ្នែកតាមឡាញ (line) ឧបមាថាផ្នែកដេរ យើងបិទតាមផ្នែកដេរចំនួន៣០-៤០នាក់ ញ្ចឹងយើងរុំខ្សែព័ទ្ធជុំវិញទៅ។

ជាមួយគ្នានេះ លោកឌី រ័ត្នខេមរុណ បានអំពាវនាវទៅដល់កម្មករ កម្មការនី ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំងអស់ ត្រូវនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ និងបន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

បច្ចុប្បន្នអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៣៧នាក់ខាងលើ នៃរោងចក្រជេអេច ហ្គាមេន អាជ្ញាធរខណ្ឌ បានបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យ។ ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបានក្រុមគ្រូពេទ្យអនុញាត ឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here