គណកម្មការផ្សារនានាបង្កើនការប្រុងប្រយ័ត្នបន្ទាប់ពីផ្សារបឹងកេងកងត្រូវបានបិទ និងរកឃើញអ្នកឆ្លងរាប់រយនាក់

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ គណកម្មការផ្សារនានានៅក្នុងរាជធានីភ្នំពេញ បានចាត់វិធានការណ៍ប្រុងប្រយ័ត្នកាន់តែខ្លាំង ក្រោ​យផ្ទុះ​កូវីដ​នៅ​ផ្សារបឹងកេងកង ឆ្លងដល់​អាជីវករ២៤៦នាក់។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី២៩មិថុនានេះថា ក្រោយពីមានការផ្ទុះឡើង នៅផ្សារបឹងកេងកង សម្រាប់ផ្សារទួលទំពូងបានពង្រឹងការប្រុងប្រយ័ត្នទ្វេដង។

គណៈកម្មការផ្សារទាំងអស់យកចិត្តទុកដាក់បំផុត នៅពេលបើកផ្សាររដ្ឋឡើងវិញនេះគឺការ​អនុវត្តកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង៣កុំ”យ៉ាង​ខ្ជាប់ខ្ជួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សី ក៏​អោយដឹងនៅព្រឹកថ្ងៃ២៩មិថុនានេះដែរថា សម្រាប់ផ្សារអូរឬស្សី ក៏​កំពុងអនុវត្តនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ លើ​ពលរដ្ឋចេញ ចូលផ្សារ ត្រូវការពាក់ម៉ាស, រក្សាគម្លាតសុវត្ថិភាព, ធ្វើអនាម័យសម្លាប់មេរោគ, វាស់កម្ដៅ,ស្កេន QR Code។

លោកបន្តថា “ទោះប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ បើបងប្អូនប្រជាពលរដ្ឋមិនចូលរួមទេ គឺមិនបានជោគជ័យទេ”។ លោកបន្តថា “ចំណែកផ្សារផ្សេងៗទៀត បើតាមការពិនិត្យមើលស្ថានភាពជាក់ស្តែង គឺគ្រប់ផ្សារបានយកចិត្តទុកដាក់ណាស់ចំពោះវិធានការពារ “៣ការពារ និង៣កុំ” នេះ”។

ផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ចាប់ផ្តើម​អនុញ្ញាតិ​អាជីវករ​បើក​លក់ដូរជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពា​រ និង៣កុំ”របស់សម្ដេចតេជោ ហ៊ុន សែន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងចំនួនផ្សាររដ្ឋទាំង២៥ មានផ្សារបឹងកេងកងមួយហើយ ដែលផ្ទុះនៅជម្ងឺកូវីដ-១៩ ដោយគិតមកត្រឹមព្រឹកថ្ងៃទី២៩មិថុនានេះ មានអ្នកវិជ្ជ​មាននៅក្នុងផ្សារនេះចំនួន២៤៦នាក់ ក្នុងចំណោមមនុស្សយកសំណាក១១០០នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here