កម្ពុជាចាប់ផ្តើមជំរុញការបង្កើតតំបន់កសិ-ឧស្សាហកម្មពិសេស បង្កើនផលិតភាពសម្រាប់ការនាំចេញឱ្យបានច្រើន

ដោយ ៖ សុវណ្ណារ៉ា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈសភាពាណិជ្ជកម្មកម្ពុជា បានជំរុញ និងផ្តល់ឱកាសវិនិយោគដល់វិស័យឯកជនលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើដល់វិស័យកសិ-ឧស្សាហកម្មដល់បណ្តាធុរជនជាតិ និងអន្តរជាតិទាំងអស់ ជាមួយនឹងការលើកទឹកចិត្តដោយការជួយសម្រួលនូវលក្ខខណ្ឌជាច្រើន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះថា មន្ត្រីការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារស្តីពី ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម ដើម្បីជំរុញលទ្ធភាពនៃការធ្វើពិពិធកម្មឱ្យមានភាពរីកចម្រើន និងកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកឧកញ៉ាបានបញ្ជាក់ថា “គោលបំណងនៃការសិក្សានេះគឺដើម្បីពិនិត្យពីលទ្ធភាពនៃការបង្កើតតំបន់ពិសេសសម្រាប់បណ្តុំរោចចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មបម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនេះការសិក្សានេះក៏បានលម្អិតបន្ថែមទៅលើតំបន់ដែលមានសក្កានុពលក្នុងការបង្កើតតំបន់ពិសេសនេះ រួមនឹងយន្តការគាំទ្រពីរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្តរួមមានសារពើពន្ធ និងមិនមែនសារពើពន្ធ និងមេរៀនជាបទពិសោធន៍នានាពីបណ្តាប្រទេសដទៃទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនៃការបង្កើតតំបន់ពិសេសបម្រើដល់វិស័យកសិ-ឧស្សាហកម្ម ដែលជាបណ្តុំរោងចក្រកែច្នៃកសិផលនេះ ត្រូវបានបើកយ៉ាងទូលាយពីសំណាក់រាជរដ្ឋាភិបាល ដែលអាចធ្វើឡើងបាននៅគ្រប់ខេត្ត គ្រប់តំបន់ដែលនៅជិតនឹងប្រភពកសិផល ដើម្បីធ្វើយ៉ាងណាងាយស្រួលដល់ខ្សែសង្វាក់ផលិតកម្ម ហើយអ្វីដែលកាន់តែពិសេស ជាការលើកទឹកចិត្តសម្រាប់វិស័យឯកជនអាចធ្វើការវិនិយោគដោយផ្ទាល់ ឬវិនិយោគរួមគ្នាជារាជរដ្ឋាភិបាល ដើម្បីអាចសម្រេចបានលទ្ធផលគាប់ប្រសើរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការវិនិយោគបង្កើតតំបន់ពិសេសដែលជាបណ្តុំរោងចក្រកែច្នៃកសិ-ឧស្សាហកម្មនេះ គ្រប់វិនិយោគិនទាំងអស់នឹងទទួលបានការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលច្រើនជាងការផ្តល់ជូនលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលបម្រើដល់វិស័យឧស្សាហកម្មទៅទៀត ហើយអាចកើតឡើងបានគ្រប់ទំហំចាប់ពីវិស័យ SMEs ឡើងទៅ អាស្រ័យតាមលទ្ធភាពរបស់វិនិយោគិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here