ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង។
យោងរបាយការណ៍ចេញផ្សាយដោយ Hootsuite នៅឆ្នាំ២០២០ បង្ហាញថា ព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្រមាណ ៤៧ក្រុមហ៊ុន ចំណែកតួលេខ នៃការប្រើប្រាស់អ៊ីនធឺណេតមានចំនួន៨.៨៦លាននាក់ (៥២,៦%) អ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួន១២លាននាក់ (៧១,៣%)។ ចំនែកការប្រើប្រាស់សេវាទូរស័ព្ទ មានប្រមាណ២១.១៨លាននាក់ ស្មើនឹង១២៥,៨% ប្រៀបធៀបនឹងចំនួនប្រជាជនកម្ពុជាសរុប។
ទន្ទឹមនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា យើងសង្កេតឃើញមានបទល្មើស ដែលប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក៏កំពុងកើតមានជាច្រើនករណី និងមានបងប្អូនប្រជាពលរដ្ឋក្លាយជាជនរងគ្រោះជាបន្តបន្ទាប់ផងដែរ។
តើភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា បណ្តាលមកពីកក្តាអ្វីខ្លះ?
កន្លងមកមានការស្តីបន្ទោសលើជនរងគ្រោះ នៃបទល្មើសបច្ចេកវិទ្យា (បទល្មើសថតរូបអាសអាភាសគម្រាមទារប្រាក់ បទល្មើសឆបោកប្រាក់។ល។) ពីសំណាក់បងប្អូនសាច់ញាតិ ឬអ្នកលេងបណ្តាញសង្គម ប៉ុន្តែបើយើងសិក្សាឱ្យបានស៊ីជម្រៅ។
ប៉ុន្តែមានកត្តារួមផ្សំមួយចំនួនទៀត ដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់ មានដូចជា ទី១- កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់ប្រជាពលរដ្ឋទូទៅ ទី២- កង្វះការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា។ ទី៣- កត្តាច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា ដើរពុំទាន់បរិបទនៃបច្ចេកវិទ្យា (ដោយមើលឃើញបញ្ហាទាំងនេះ រាជរដ្ឋាភិបាលតាមរយៈអង្គភាពជំនាញកំពុងធ្វើសេចក្តីព្រាងច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា តួរយ៉ាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងច្បាប់សន្តិសុខបច្ចេកវិទ្យា ជាដើម)។
ទី៤- ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់ (Crypto Currency / Digital Payment / Payment System / Bank Transfer) ទី៥- ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់វិធីសាស្ត្រ និងបច្ចេកទេសខ្ពស់ ក្នុងការប្រព្រឹត្តិបទល្មើស និងទី៦- ឧក្រិដ្ឋជនចាប់ ផ្តើមប្រព្រឹត្តិបទល្មើស ស្ថិតក្រោមរចនាសម្ព័ន្ធចាត់តាំង។
ដូច្នេះដើម្បីចូលរួមកាត់បន្ថយភាពងាយរងគ្រោះ នៃបទល្មើសបច្ចេកវិទ្យា ពលរដ្ឋគ្រប់រូបគួរស្វែងយល់អំពីបច្ចេកវិទ្យា ហានិភ័យពាន់ព័ន្ធ ដោយធ្វើការអាន ស្តាប់ ទស្សនាវីដេអូ សិក្សាស្វែងយល់ លើអត្ថបទកាសែត អត្ថបទអប់រំ វីដេអូអប់រំ ព័ត៌មានពាក់ព័ន្ធផ្សេងៗ និងបន្តផ្សព្វផ្សាយអប់រំ ចែករំលែកជូនដល់សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំងចូលរួមធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីជួបប្រទះ ឬសង្ស័យថាជា បទល្មើសបច្ចេកវិទ្យា៕