ប្រទេសធំៗចំនួន៣នឹងផ្តល់ថវិកា១៣លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរួមនៃអាងទន្លេមេគង្គ

ដោយៈ សាវុធ

ភ្នំពេញៈ ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស បានសន្យានឹងផ្តល់មូលនិធិប្រមាណ១៣លានដុល្លារអាមេរិក ជូនគណៈកម្មការទន្លេមេគង្គ(MRC) ដើម្បីគាំទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ក្នុងការរក្សាគាំពារដល់មុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ MRC ដែលគេទំព័រ Cambodia Financial Times ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

ការចូលរួមវិភាគទាននេះ ប្រព្រឹត្តទៅតាមរលកថ្មីមួយនៃមូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC ក្នុងពេលគណៈកម្មការនេះ ចាប់ផ្តើមអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២១-២០២៥) របស់ខ្លួន នៅក្រោមទិសដៅថ្មីមួយ សំដៅយកឈ្នះលើការគំរាមកំហែងជាច្រើន ដែលអាងទន្លេនេះកំពុងជួបប្រទះ។

លោកបណ្ឌិតអាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានមានប្រសាសន៍ថា “ការគាំទ្រនេះ មកទាន់ពេលវេលា និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ MRCក្នុងការអនុវត្តសកម្មភាពនានា ដែលធ្វើឱ្យមានតុល្យភាពលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើឱ្យសង្គមប្រសើរឡើង និងការគាំពារដល់បរិស្ថាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបន្ដថា នៅក្រោមផែនការយុទ្ធសាស្ត្រថ្មីនេះ MRC នឹងធានាថា រាល់ផែនការថ្នាក់ជាតិថ្មីៗសម្រាប់បង្កើតថាមពលបានថ្លឹងថ្លែង រាល់ជម្រើសជាច្រើននៃប្រភពបង្កើតថាមពលនានា រួមទាំងជម្រើសថាមពល-ស្បៀង-ទឹក ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលដោយពន្លឺព្រះអាទិត្យ និងខ្យល់ ជាពិសេសវានឹងជួយលើកកម្ពស់ភាពពពិធភាពសមភាព និងបរិយាប័ន្នយេនឌ័រក្នុងវិស័យទឹក។

លោកបណ្ឌិតបានលើកឡើងថា MRCនឹងសិក្សាស្វែងរកនូវមធ្យោបាយសម្រាប់ជួយសម្រួលប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹក សម្រាប់អាងទន្លេទាំងមូល ដើម្បីបង្កើនផលប្រយោជន៍ឱ្យដល់កម្រិតអតិបរមា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកបរិស្ថានលើ ទន្លេមេគង្គ និងប្រជាជន។
សម្រាប់ស្ថាប័ននេះ ក៏នឹងបន្តជំរុញកិច្ចសន្ទនាថ្នាក់តំបន់ក្នុងចំណោមប្រទេសតាមអាងទន្លេ និងធ្វើឱ្យការចូលរួមចំណែកជាមួយនឹងប្រទេសចិនកាន់តែស៊ីជម្រៅ ក៏ដូចជា ជាមួយនឹងដៃគូផ្សេងៗទៀត តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន និងឡានឆាង-មេគង្គ សម្រាប់ជាប្រយោជន៍ដល់សមាជិកទាំងអស់។

វិភាគទានថ្មីពីប្រទេសអូស្ត្រាលី ដែលមានតម្លៃជាថវិកា៥,១លានដុល្លារអូស្ត្រាលី (ប្រមាណ៣,៨លានដុល្លារអាម៉េរិក) ត្រូវបានចុះហត្ថលេខាដោយលោកផល ខែលី (Paul Kelly) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសឡាវ និងលោកបណ្ឌិតអាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ។ ជំនួយនេះ មានរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលនឹងក្លាយជាផ្នែកមួយនៃភាពជាដៃគូថ្មី រវាងប្រទេសអូស្ត្រាលី និងទន្លេមេគង្គ។

លោកផល ខែលី (Paul Kelly) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសឡាវបានថ្លែងថា “យើងសង្ឃឹមថា ជំនួយមូលនិធិទាំងនេះ នឹងជួយបង្កើនលទ្ធភាពដល់MRC និងប្រទេសជាសមាជិកឱ្យប្រើប្រាស់ធនធានទឹក និងធនធានពាក់ព័ន្ធនៃទន្លេមេគង្គប្រកបដោយបរិយាប័ន្ន និងដោយចីរភាពដើម្បីជាចំណែកមួយជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញពីការរាតត្បាតជាសាកល ការកសាងភាពធន់ផ្នែកបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់”។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា ប្រទេសអូស្ត្រាលី ក៏កំពុងផ្តល់នូវការគាំទ្របច្ចេកទេសដល់ MRC លើវិស័យសំខាន់ៗជាច្រើនផងដែរ រួមទាំងដល់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត និងការកែលម្អនូវប្រព័ន្ធទិន្នន័យ និងព័ត៌មានរបស់ស្ថាប័ននេះ។
លោកយេនស៍ លូធខិនហែម (Jens Lütkenherm) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសឡាវបានសន្យាផ្តល់វិភាគទាននូវទឹកប្រាក់ចំនួន ៣ លានអឺរូ (ប្រមាណ ៣,៥៥ លានដុល្លារអាម៉េរិក) ក្នុងការគាំទ្រដល់ផែនការថ្មីនេះ។

លោកបានគូសបញ្ជាក់ថា មូលនិធិនេះ នឹងត្រូវបានបែងចែកផ្តល់ជូនក្នុងរយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០២២ នូវទឹកប្រាក់ ១,២ លានដុល្លារអាម៉េរិក នឹងត្រូវបានដាក់បញ្ចូលទៅក្នុងយន្តការមូលនិធិស្នូលរបស់ MRC ហើយថវិកាដែលនៅសេសសល់ នឹងត្រូវផ្តល់ឱ្យទៅតាមកម្មវិធីកិច្ចសហប្រតិបត្តិការ MRC–GIZ សម្រាប់ជាជំនួយផ្នែកបច្ចេកទេស។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា “យើងជឿជាក់ថា មូលនិធិនេះ នឹងជួយ MRC ឱ្យបង្កើតនូវបណ្តាញស្នូលសម្រាប់កិច្ចការតាមដានទន្លេក្នុងតំបន់ទន្លេមេគង្គ ហើយជាលទ្ធផល វារួមចំណែកដល់ការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងជួយបង្កើនសមត្ថភាព MRC ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតឱ្យកាន់តែមានប្រសិទ្ធភាព”។

ជាមួយគ្នានេះដែរ លោក ហ្សង់ហ្វង់ស័រ ឃូនូ (Jean-François Cuénod) នាយកតំបន់នៃទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការក៏បានសន្យាផ្តល់ថវិកា ចំនួន៥,៣ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីគាំទ្រដល់ការអនុវត្តនៃផែនការយុទ្ធសាស្ត្រថ្មីនេះ។ លោក ឃូនូ បានថ្លែងថា “យើងអបអរសាទរចំពោះ MRC ក្នុងការដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចក្ខុវិស័យថ្មីៗ ដែលចាំបាច់សម្រាប់អាងទន្លេមេគង្គ។ យើងនឹងរួមសហការជាមួយនឹង​ MRC ប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការផ្លាស់ប្តូរតំបន់នេះឆ្ពោះទៅកាន់មាគ៌ាមួយដែលកាន់តែមានចីរភាព និងភាពធន់ ដោយធានាថា គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលនោះទេ”។

លោកនាយកតំបន់នៃទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍បានបន្ថែមទៀតថា ប្រទេសស្វីស បានគាំទ្រ MRC ចាប់តាំងពីឆ្នាំ១៩៩៥ មក និងជឿជាក់ថា ស្ថាប័ននេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទឹកប្រចាំតំបន់ទន្លេមេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here