ក្រុមហ៊ុន​ចំនួន​ជាង ៦០០បាន​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន

ដោយ ឧ​ត្ត​ម

ភ្នំពេញៈ ក្រុមហ៊ុន​សរុប​ចំនួន ៦៥១ បាន​ស្នើសុំ​ចុះបញ្ជី​អាជីវកម្ម តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​នៅ​ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន៣៦៩ និង​ក្រុមហ៊ុន​ដែល​កំពុង​ត្រូវបាន​ត្រួតពិនិត្យ មាន​ចំនួន ២៨២ បើ​គិត​ត្រឹម​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ។

យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹង​នៅ​ថ្ងៃទី៥ ខែសីហា​នេះ​ថា ការចុះបញ្ជី​អាជីវកម្ម តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​នេះ មាន​សំណើរ​បម្រុង​ទុក​នាម​ករ​ណ៍​ចំនួន១២៦៨សំណើ ក្នុងនោះ១០៧៧ សំណើរ​ទទួល​បានការ​ឯកភាព១៩០សំណើរ​កំពុង​ត្រូវបាន​ត្រួតពិនិត្យ និង១សំណើ​ត្រូវបាន​បដិសេធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា យោង​ស្ថិតិ​ខាងលើនេះ បញ្ជាក់​ឲ្យ​ឃើញ​ពី​លទ្ធផល និង​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​ភា​ព​ប្រកួតប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​ទាក់ទាញ សម្រាប់​អ្នកវិនិយោគ និង​ធុរជន នៅពេលដែល​ប្រទេស​កម្ពុជា ក៏ដូចជា ពិភពលោក​ទាំងមូល​កំ​ពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ជម្ងឺ​កូ​វីដ១៩ ។

ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា (CamDX) ដែល​ធ្វើ​ប្រតិបត្តិការ​ផ្លាស់ប្តូរ​ទិន្នន័យ​រវាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដែល​រួមមាន​ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ពន្ធដា​រ, ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងមហាផ្ទៃ បាននិងកំពុង​ប្រព្រឹត្តិ​ទៅដោយ​រលូន។ ប៉ុន្តែ​ប្រាកដ​ណាស់​ថា កិច្ចការងារ​ប្រកបដោយ​មោទនៈ​នេះ នឹង​មិនអាច​សម្រេច​ទៅបាន​ឡើយ ប្រសិនបើ​មិនមាន​ការចូល​រួមសហកា​រយ៉ា​ង សកម្ម​បំផុត​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាមួយនឹង​ឆ​ន្ទះ​នយោបាយ​ខ្ពស់ របស់​ថ្នាក់ដឹកនាំ​ក្នុងការ​កែទម្រង់​ដ៏​សំខាន់​នេះ។

អ្នក​ចុះបញ្ជី និង​ធុរជន​បាន​សាទរ និង​ផ្តល់​ការគាំទ្រ​លើ​ការដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ ដោយហេតុថា​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ មាន​នីតិវិធី​ងាយស្រួល​ជាង​មុន (ការចុះបញ្ជី​បាន​ដល់​ទៅ ៣ក្រសួង-ស្ថាប័ន​ក្នុងពេល​តែមួយ​តាម​អន​ឡាញ) ពេលវេលា​ទទួលបាន​កា​រស​ម្រេច​ពី​ក្រសួង-ស្ថាប័ន​ខ្លី​ជាង​មុន​ច្រើន (ត្រឹម៨ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ) និង​តម្លៃ​សេវា​ទាប​ជាង​មុន​ប្រមាណ៤០ភាគរយ។

ការកែទម្រង់​ថ្មី​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន (IT) ដើម្បី​ផ្តល់​សេវាសាធារណៈ ពិត​ជាមាន​ប្រសិទ្ធភាព និង​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈមផ្សេងៗ មាន​ជាអាទិ៍ តម្លាភាព និង​ការកាត់បន្ថយ​ពេលវេលា​ក្នុងការ​ចុះបញ្ជី​អាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here