កំហុស៥យ៉ាងដែលធ្វើឲ្យភ្នាក់ងារអចលនទ្រព្យប្រឈមមុខបរាជ័យក្នុងអាជីពរបស់ខ្លួន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ការប្រឡូកក្នុងភាពភ្នាក់ងារអចលនទ្រព្យ មិនប្រាកដចាទទួលបានជោគ​ជ័យនោះទេ ផលវិបាកជាច្រើនដែលពួកគេត្រូវប្រឈមមុខ ដោយសារវិស័យនេះធ្វើការជាមួយអ្នកមានលុយច្រើន។

ហេតុនេះភ្នាក់ងារក្នុងវិស័យនេះ ត្រូវតែមនុស្សម៉ត់ចត់ ច្បាស់លាស់ ធ្វើការជាមួយទំនុកចិត្ត និងចំណេះដឹងទូលំទូលាយ ដែលអាចបត់បែនបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាពបរាជ័យ ដែលភ្នាក់ងារជួបប្រទះមានច្រើនទិដ្ឋភាព ដូចជា មិនយល់ច្បាស់ពីវិស័យអចលនទ្រព្យ មិនដឹងពីគោលនយោបាយរបស់រដ្ឋាភិបាល មិនចេះលក់ខ្លួនឯង ភាពស្មុគ្រស្មាញនៃនិតិវិធីច្បាប់ និងភាពលោភលន់ហួសប្រមាណ។

មិនយល់ពីអចលនទ្រព្យ
ភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលប្រឡូកថ្មីៗក្នុងវិស័យនេះ មិនសូវយល់ច្បាស់ពីផ្នែកនេះ ដូចជា រាងដី តម្លៃអចលនទ្រព្យមានតម្លៃថ្លៃ ឬទាបជាងទីផ្សារ មិនចេះដឹងពីសក្តានុពល និងផលចំណេញ ដែលអាចនាំឲ្យវិនិយោគិនទទួលបានផលចំណេញ សុទ្ឋតែជាចំណែកនៃភាពបរាជ័យរបស់ខ្លួន។

ការណែនាំអចលនទ្រព្យម្តង ទៅពីរដង ទៅកាន់អ្នកវិនិយោគ ដែលគ្មានមូលដ្ឋានព៌តមានច្បាស់លាស់ពីអចលនទ្រព្យនោះ បុគ្គលឬភ្នាក់ងារនោះនឹងបាត់បង់ទំនុកចិត្ត ការបាត់បង់ទំនុកចិត្តពីអ្នកទិញ ឬអ្នកវិនិយោគស្មើនឹងបាត់លុយ ឬបាត់បង់ឱកាស។

មិនដឹងពីគោលនយោបាយរបស់់រដ្ឋាភិបាល
នៅកម្ពុជា រាជរដ្ឋាភិបាលតែងតែ ដាក់ចេញគោលនយោបាយរៀងរាល់បីឆ្នាំ ៥ឆ្នាំ និង១០ឆ្នាំម្តង ដែលគោលនយោបាយនេះ មានជាប់ទាក់ទងកាន់តែសកម្មជាមួយការលើកកំពសស់សេដ្ឋកិច្ច និងទិដ្ឋភាពនៃការអភិវឌ្ឍប្រទេស ហើយវាជាប់ទាក់ទងកាន់តែសកម្មពីវិស័យអចលនទ្រព្យផងដែរ។

ហេតុនេះការធ្វើជាភ្នាក់ងារអចលនទ្រព្យ តែមិនចូលចិត្តអានព៌តមាន មិនចូលចិត្តស្តាប់ព៌តមាន និងតាមដានផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល ភ្នាក់ងារអចលនទ្រព្យបែបនោះ កម្រទទួលបានជោគជ័យលើអាជីពរបស់ខ្លួនណាស់។

មិនចេះលក់ខ្លួនឯង
អ្នកលក់ជោគជ័យ គឺជាបុគ្គលពូកែទំនាក់ទំនង ជាមនុស្សចេះបត់បែនតាមកាលៈទេសៈ​ពិសេសធ្វើឲ្យគេទុកចិត្ត ធ្វើឲ្យគេចូលចិត្ត និងធ្វើឲ្យគេជឿជាក់។

ការបាត់បង់ភាពជឿជាក់លើខ្លួនឯង លើអាជីពរបស់ខ្លួន ស្មើនឹងការធ្វើឲ្យអាជីពរបស់ខ្លូនបរាជ័យ។
ការមិនចេះប្រើពាក្យសម្តីបានសមរម្យ តាមលក្ខណៈបច្ចេកទេស លេងសើចច្រើន ពេក ក៏ធ្វើឲ្យខ្លួនឯងបរាជ័យផងដែរ។

ភាពស្មុគ្រស្មាញនៃនិតិវិធីច្បាប់
គ្មានអ្នកណា ឬភ្នាក់ងារអចលនទ្រព្យណាចេះច្បាប់អស់នោះទេ ប៉ុន្តែយ៉ាងហោចណាស់ យើងក៏ត្រូវតែដឹងពីមូលដ្ឋានត្រួសៗរបស់វា ដូចជា លិខិតកិច្ចសន្យាទទួលលក់គំរោងណាមួយ លិខិតកិច្ចសន្យាកម្រៃជើងសារជាមួយម្ចាស់អចលនទ្រព្យ និងលិខិតកម្រៃ ដែលទទួលបានពីអ្នកវិនិយោគ ដែលបានពឹងពាក់យើងឲ្យជួយរកទិញ ឬលក់អចលនទ្រព្យសំរាប់ពួកគេផងដែរ។

កិច្ចសន្យាផ្ទាល់មាត់ បានធ្វើឲ្យភ្នាក់ងារអចលនទ្រព្យជាច្រើនបរាជ័យ ខាតបង់ពេក​វេលា លុយកាក់ និងខកចិត្ត ហើយអាចបោះបង់អាជីពរបស់ខ្លួន ដែលធ្លាប់់ប្រាថ្នាយ៉ាងគួរឲ្យសោកស្តាយផងដែរ។

ភាពលោភលន់ហួសប្រមាណ
ការទទួលបានជោគជ័យ មិនអាស្រ័យលើភាពងាយស្រួលនោះទេ ប៉ុន្តែភាពលោភលន់កាន់តែបង្កឧបសគ្គដល់ផ្លូវ ដែលនាំអ្នកទៅរកភាពបរាជ័យផងដែរ។

ភ្នាក់ងារអចលនទ្រព្យជាច្រើន តែងតែមានចិត្តលោភលន់ ដោយស្នើសុំឲ្យម្ចាស់ដី ឬអចលនទ្រព្យដទៃទៀត ដាក់តម្លៃគង ឬបន្ថែមតម្លៃលើអចលនទ្រព្យរបស់ពួកគេ នៅពេលដែលពួកគេស្វែងរកម៉ូយទិញអចលនទ្រព្យនោះ ពីលើអ្វីដែលពួកគេគួរទទួលបាន (កម្រៃជើងសារ) ។

ការធ្វើបែបនេះ ប្រឈមមុខនឹងរឿងពីរយ៉ាង ទី១ បាត់បង់ទំនុកចិត្តពីអ្នកទិញ ទី២ បាត់បង់អាជីពរបស់ខ្លួនឯង ដោយសារបញ្ហាបែបនេះភាគច្រើនតែងតែលេចធ្លាយ នៅពេលអ្នកទិញ ជួប អ្នកលក់ដោយផ្ទាល់។
ចែករំលែកពីលោកយិន លាងគង់ទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងជាទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here