ធនាគារពិភពលោកៈការបិទខ្ទប់ទីប្រជុំជនធំជាងគេនាពេលកន្លងមក ជាការបង្អាក់សកម្មភាពសេដ្ឋកិច្ច

ដោយៈលក្ខិណា

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ ត្រូវបានធនាគារពិភពលោកប្រចាំកម្ពុជាព្យាករណ៍ឡើងវិញ ក្នុងភាពមិនទាន់ច្បាស់លាស់ ដោយលើកយកសេណារីយ៉ូពីរ គឺកើនឡើងក្នុងរង្វង់៤ភាគរយ និងរង្វង់១ភាគរយ ដោយសារតែការបិទខ្ទប់ទីប្រជុំជនដ៏ធំពីរនៅកម្ពុជា គឺរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងនូវបញ្ហាប្រឈម និងហានិភ័យមួយចំនួន ចំពោះសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២១នេះ ក្នុងបង្ហាញថាហានិភ័យចំពោះទស្សនៈវិស័យកំណើនរបស់កម្ពុជាបានកើនឡើង ដោយសារតែរលកនៃការផ្ទុះជំងឺកូវីដ១៩ ចេះតែអូសបន្លាយពេល ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារពិភពលោកបានលើកឡើងថ្មីៗនេះ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកត្រូវបានបង្អាក់ដោយការដាក់ចេញជាថ្មី នូវវិធានការបិទខ្ទប់ឡើងវិញ នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២១។ ការបិទខ្ទប់តំបន់ប្រជុំជនធំជាងគេពីរនៅកម្ពុជា គឺទីក្រុងភ្នំពេញ និងក្រុងតាខ្មៅក្នុងខេត្តកណ្ដាល ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ គឺជាការចាំបាច់ និងបានសង្គ្រោះ ជីវិតជាច្រើន ទោះបីជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក៏ដោយ។

របាយការណ៍ដដែលបានអះអាងថា អត្រាឆ្លងខ្ពស់នាពេលបច្ចុប្បន្នក៏គំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលសាធារណៈផងដែរ ស្របពេលរោងចក្រ និងអាជីវកម្មទទួលរងផលប៉ះពាល់ ខណៈតម្រូវការក្នុងស្រុកជាពិសេសតម្រូវការផលិតផលសេវា ដូចជា ការធ្វើដំណើរក្នុងស្រុក ទេសចរណ៍និងសេវាបដិសណ្ឋារកិច្ចរងផលប៉ះពាល់ជាថ្មី ដោយសារតែការរឹតត្បិតការធ្វើដំណើរ ការបញ្ចៀសការធ្វើដំណើរ និងការថយចុះប្រាក់ចំណូលជាដើម ។

ការបិទទីក្រុងធំពីរនៅកម្ពុជាកាលពីខែមេសា ២០២១នេះកន្លងទៅនេះ គឺពិតជាបានធ្វើឱ្យអាជីវកម្មសេដ្ឋកិច្ចជាច្រើនត្រូវបានផ្អាក បណ្ដាអាជីវករជាច្រើនត្រូវបានស្នាក់នៅតែក្នុងផ្ទះនិងមិនអាចចេញក្រៅបាន ព្រោះតែបំរាម ហើយអាជីវកម្មជាច្រើនក៏ត្រូវសម្រេចបិទមិនឱ្យដំណើរការតែម្ដង ជៀសវាងការប្រមូលផ្ដុំជួបជុំគ្នា ។

លោកវន់ ពៅប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ បានឱ្យដឹងថាការបិទខ្ទប់កន្លងមក ពិតជាបានធ្វើឱ្យប៉ះពាល់ ដល់ប្រាក់ចំណូលរបស់ពលរដ្ឋពិតប្រាកដមែន និងប៉ះពាល់ធ្ងន់ធ្ងរ តែដើម្បីរក្សាអាយុជីវិតរដ្ឋាភិបាលត្រូវតែធ្វើបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងនិងចម្លង។

លោកបន្តថា “ក្រោយពេលរដ្ឋាភិបាលប្រកាសបិទបញ្ចប់ ការបិទខ្ទប់ទីក្រុងទាំងពីរនេះ សកម្មភាពអាជីវកម្មនានាក៏ចាប់ផ្ដើមកម្រើកឡើងវិញ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់រដ្ឋាភិបាល ដើម្បីជៀសវាងការបិទខ្ទប់ម្ដងទៀត ដែលនាំឱ្យមានការខាតបង់កាន់តែធំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here