តម្លៃជ័រកៅស៊ូបានងើបឡើងតិចតួច ជាមួយសញ្ញាសុទិដ្ឋិនិយមឡើងវិញ

ដោយៈលក្ខិណា

ភ្នំពេញៈ ទោះជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្តី តែតម្លៃជ័រកៅស៊ូនៅកម្ពុជា ក៏នៅតែមានការកើនឡើងក្នុងកម្រិតតិចតួច ដែលសបញ្ជាក់ពីតម្រូវការ នៃការប្រើប្រាស់ជ័រកៅស៊ូនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មនានា លើពិភពលោក ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ដែលជាអ្នកវិនិយោគលើចំការកៅស៊ូផងដែរ បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា តម្លៃជ័រកៅស៊ូ មានតម្លៃចន្លោះពី១.៦០០ ទៅ ១.៧០០ដុល្លារអាមេរិកក្នុងមួយតោន ដែលតម្លៃនេះហក់ឡើងបន្តិចបន្តួច បើធៀបកាលពីមុនពេលមានវិបត្តិជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបញ្ជាក់ថា “ទីផ្សារជ័រកៅស៊ូនឹងអាចមានស្ថិរភាពល្អ និងមានការដាំដុះដំណាំកៅស៊ូច្រើនជាងមុន ខណៈកម្ពុជាកំពុងទទួលបានឱកាសវិនិយោគ នៃរោងចក្រផលិតសម្បកកង់រថយន្ត ដែលនឹងត្រូវការជ័រកៅស៊ូច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស”។

លោកឧកញ៉ាលឹម ហេងបានបន្តថា យើងក៏រំពឹងថា នឹងមានការដាំដុះដំណាំកៅស៊ូនេះកាន់តែច្រើន ជាដែលជាផ្នែកដ៍សំខាន់ ក្នុងការជួយលើកកម្ពស់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកដាំដុះ ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារនៃការនាំចេញកៅស៊ូបានធ្លាក់ចុះ ដូច្នេះទើបតែឆ្នាំមុន និងឆ្នាំនេះកើនឡើងតិចតួច។

បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូនៅកម្ពុជា មានទំហំជាង ៤៥ម៉ឺនហិចតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួនជាង២៩ម៉ឺនហិចតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែរទាំមានចំនួនជាង១១ម៉ឺនហិកតា ស្មើនឹង២៨ភាគរយ។

ឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេស វៀតណាម ចិន សង្ហិបុរី និងម៉ាឡេស៊ី ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញកសិផលសរុប ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here