រដ្ឋមន្រ្តីៈកំណើនទិន្នផលវារីវប្បកម្មកើនជិត២០០ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានថ្លែងថា កំណើនទិន្នផលវារីវប្បកម្មនៅកម្ពុជាបានកើន១៩៧ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។ ការកើនឡើងនៃទិន្នផលវារីវប្បកម្ម ឬត្រីចិញ្ចឹមនេះ គឺដោយសារ ការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២១ មិថុនានេះថា កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រសួងពាក់ព័ន្ធ និងបងប្អូនវារីវប្បករកម្ពុជាយើង គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានាផងដែរចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។

បើទោះបីកម្ពុជាជួបបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ទាក់ទងទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០)បានប្រព្រឹត្តទៅ ទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឱ្យកត់សំគាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 ២០១៥ ទទួលបាន ១៤៣ ១៤១ តោន  ២០១៦ ទទួលបាន ១៧២ ៥០០ តោន  ២០១៧ ទទួលបាន ២០៧ ៤៤៣ តោន ២០១៨ ទទួលបាន ២៥៤ ០៤៨ តោន ២០១៩ ទទួលបាន ៣០៧ ៤០៨ តោន។
មានកំណើនទិន្នផលវារីវប្បកម្ម ប្រចាំឆ្នាំជាមធ្យម២០,៦% ចាប់ពីឆ្នាំ២០១៥-២០១៩ និង នៅឆ្នាំ២០២០ កើនឡើងដល់៤០០ ៤០០តោន មានកំណើន៣០% ធៀបទៅនឹងឆ្នាំ២០១៩។

លោកវេង សាខន បញ្ជាក់ថា ការធ្វើវារីវប្បកម្មនាពេលបច្ចុប្បន្ន ស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវ ការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយ។

នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលបាននិងកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួងជាបណ្តើរៗ ក្នុងនេះមានក្រសួង និងស្ថាប័នពាក់ព័ន្ឋ។

ទោះយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវវិធានការគោលនយោបាយ ជំរុញវារីវប្បកម្មឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងបងើ្កនផលិតភាពវារីវប្បកម្មឱ្យមានការប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here