រដ្ឋាភិបាលៈគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ រៀបចំឡើងដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ សាវុធ

ភ្នំពេញៈ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ នឹងផ្ដោតលើសមាសធាតុចំនួន៥ ដែលនឹងក្លាយជាផ្នែកដ៏សំខាន់នៃក្របខណ្ឌផែនការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការទាក់ទាញវិនិយោគក្នុងស្រុក និងពីបរទេស ការជំរុញការបង្កើតធុរកិច្ចថ្មី ការបង្កើនផលិតភាព និងការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច។

លោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងដូច្នេះក្នុងរបា​យការណ៍ស្តីពី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដែលគេហទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

ក្នុងនីតិកាលទី៦ នៃរដ្ឋសភាដែលបានចាប់ផ្ដើមក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ “យុទ្ធសាស្តចតុកោណ-ដំណាក់កាលទី៤” ដែលបានតម្រង់ទិសការអភិ​វឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការពន្លឿនពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រនេះ បានចង្អុលយ៉ាងច្បាស់អំពីភាពចាំបាច់ ក្នុងការត្រៀមខ្លួន ដើម្បីចាប់យកសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹង “បដិវត្តន៍ឧស្សាហកម្មទី៤” សំដៅទាញប្រយោជន៍ពីភាពរីកចម្រើននៃបច្ចេកវិទ្យា។ ឱកាស និងប្រយោជន៍ដែលផ្តល់ដោយបច្ចេកវិទ្យាឌីជីថល មិនបានកំណត់ត្រឹមតែវិស័យ ឬធុរកិច្ច ដែលពឹងផ្អែកផ្ទាល់លើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវតម្លៃបន្ថែមដល់គ្រប់វិស័យនៃសេដ្ឋកិច្ចទាំងមូល។

លោកអូន ព័ន្ធមុនីរ័ត្នបានថ្លែងថា ជាក់ស្ដែង ស្ទើរគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម បាន និងកំពុងទទួលរងឥទ្ធិពលពីបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ហើយបាននិងកំពុងកែប្រែរបៀបនៃការធ្វើធុរកិច្ច ការធ្វើការងារ និងធ្វើឱ្យមានការផ្លាស់ប្ដូរទម្លាប់រស់នៅផងដែរ។ ក្នុងបរិបទនេះ ឌីជីថលូបនីយកម្មបានក្លាយជានិន្នាការដ៏មានឥទ្ធិពល និងជាកម្លាំងចលករជំរុញកំណើន សេដ្ឋកិច្ចតំបន់ និងសកលលោកក្នុងសតវត្សរ៍ទី២១នេះ។

ក្នុងទិសដៅ និងនិន្នាការខាងលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដឹកនាំសម្របសម្រួល និងរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សម្រាប់ជាមគ្គុទេសក៍ក្នុងការអភិវឌ្ឍវិស័យនេះ តាមរយៈការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមកម្ពុជា ទាំងមូលឲ្យស្របតាមនិន្នាការតំបន់ និងពិភពលោក។

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា បានកំណត់យកនូវចក្ខុវិស័យ “កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើ ប្រក្រតីភាពតាមគន្លងថ្មី”។

ចក្ខុវិស័យនេះត្រូវសម្រេចឱ្យបានក្នុងរយៈពេល១៥ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ ហើយអនុលោមតាមគោលការណ៍ចំនួនបីគឺ: “ការកសាងមូលដ្ឋានគ្រឹះឌីជីថល-ការចាប់យកឌីជីថល ការធ្វើបរិវត្តកម្មឌីជីថល” ដែលក្នុងនោះរាល់វិធានការ គោលនយោបាយត្រូវអនុវត្តដំណាលគ្នា ប៉ុន្តែផ្តល់អាទិភាពទៅលើវិធានការ ដែលឆ្លើយតបទៅនឹងគោលការណ៍នីមួយៗ។

វាមានន័យថា បរិវត្តកម្មឌីជីថលគឺជាគោលដៅចុងក្រោយ ដែលសំដៅសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល យ៉ាងទូលំទូលាយក្នុងចំណោមភ្នាក់ងារសេដ្ឋកិច្ច និងគ្រប់សកម្មភាពសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ មានអន្តរទំនាក់ទំនងជាមួយគ្នា និងបំពេញបន្ថែមឱ្យគ្នា។

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងដូច្នេះថា “បន្ថែមលើនេះ ក្របខណ្ឌគោលនយោបាយនេះផ្ដោតលើសមាសធាតុចំនួនប្រាំ ដែលចែកចេញជាគ្រឹះចំនួនពីរ រួមមាន: (១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល និង (២)ការកសាងទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល និង សសរស្ដម្ភចំនួនបីរួមមាន: (១)ការកសាងពលរដ្ឋឌីជីថល, (២)ការកសាងរដ្ឋាភិបាល ឌីជីថល និង (៣) ការជំរុញធុរកិច្ចឌីជីថល”។

ឈរលើគោលគំនិត “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យបានជាអតិបរមា ព្រមទាំងស្រូបយក និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិត អប្បបរមា” វិធានការគោលនយោបាយត្រូវបានរៀបចំ ទៅតាមសមាសធាតុនីមួ​យៗ គួបផ្សំនឹងការគិតគូរក្នុងទិដ្ឋភាព សេដ្ឋកិច្ច និងសង្គម ដើម្បីធានាបាននូវការកាត់បន្ថយបច្ច័យអវិជ្ជមានផងដែរ។

ស្ថិតនៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ នឹងក្លាយជាផ្នែកដ៏សំខាន់ នៃក្របខណ្ឌផែន​ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការទាក់ទាញវិនិយោគក្នុងស្រុក និងពីបរទេស ការជំរុញការបង្កើតធុរកិច្ចថ្មី ការបង្កើនផលិតភាព និងការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច។

ក្នុងន័យនេះ ការអនុវត្តក្របខណ្ឌគោលនយោបាយនេះ ចាំបាច់ត្រូវមានការចូលរួមប្រកបដោយស្មារតីម្ចាស់ការ កិច្ចសហការគ្នា និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់។ លើសពីនេះ កម្ពុជា ក៏ត្រូវចូលរួមក្នុងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាគំនិតផ្តួចផ្តើមឌីជីថលអន្តរជាតិស្តីពីសេដ្ឋកិច្ច សង្គម ធុរកិច្ចហិរញ្ញវត្ថុ ការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យា និងសន្តិសុខតាម ប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ប្រការនេះ ទើបអាចធានាបាននូវការសម្រេចជោគជ័យ តាមការរំពឹងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here