ស្ថាប័នធំៗចំនួន៣បានបង្ហាញសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ស្ថាប័ន និងអង្គភាពចំនួន៣ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជបណ្ឌិត្យសភាកម្ពុជា និងធនាការពិភពលោក បានព្យាករនិងរំពឹងទុកថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ នឹងស្ទុះងើបឡើងវិញក្នុងអត្រាវិជ្ជមាន។

ជាមួយនឹងការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចនេះដែរ វិស័យដែលជាជន្ទល់សេដ្ឋកិច្ចមួយចំនួនបានកំពុងកើនឡើងជាបណ្តើរៗ ទោះបីស្ថិតនៅក្នុងការប៉ះពាល់ដោយសាររោគរាតត្បាតជម្ងឺកូវីដ-១៩ នេះក៏ដោយ ។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកមាស សុខសេនសាន្តបានថ្លែងប្រាប់បានឱ្យដឹងថា សេដ្ឋកិច្ចយើងនឹងងើបឡើងវិញក្នុងកំណើនវិជ្ជមាន គឺនៅក្នុងរង្វង់៣,៥ភាគរយ ទៅ៤ភាគរយ គឺប្រហាក់ប្រហែលការព្យាករណ៍របស់ធនាគារពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្តថា ក្នុងនោះសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានគិតគូរបូកបញ្ចូលនូវទូរលេខ ជាពិសេសរាល់ការប៉ះទង្គឹចគ្រប់បែបយ៉ាង ដែលបច្ចុប្បន្នក្រសួងកំពុងបន្តបូកសរុបឲ្យបានជាក់ល័ក្ខ ដើម្បីធ្វើការវាយតម្លៃបន្ថែម នៅលើកំណើនសេដ្ឋកិច្ចទាំងនេះ។

ដោយឡែកចំពោះការរំពឹងទុកខាងលើ លោកបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចឆ្នាំ២០២១នេះ នឹងបានទ្រទ្រង់ដោយវិស័យ និងអនុវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យកសិកម្ម អនុវិស័យកម្មន្តសាល អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ដែលបានបង្ហាញនូវក្នុងអត្រាវិជ្ជមាន ក្នុងនោះយើងនៅមានវិស័យ ដែលជួយទ្រទ្រង់បន្ថែមមួយចំនួនទៀតដូចជា៖ វិស័យលក់ដុំលក់រាយ អនុវិស័យអចលនទ្រព្យ និងអនុវិស័យកាត់ដេរ ដែលអាចមានកំណើនថមថយបន្តិច ខុសនឹងការរំពឹងទុក។

លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា បើសង្កេតមើលក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជានៅមានភាពផុយស្រួយនៅឡើយ ខណៈព្រឹត្តិការណ៍២០ កុម្ភៈ បានអូសបន្លាយ ហើយមកដល់ពេលនេះមានរយៈពេលជិតកន្លះឆ្នាំទៅហើយ។

លោកបណ្ឌិតបានថ្លែងបន្តថា ក្នុងនោះប្រសិនការចាក់វ៉ាក់សំាំងបង្ការរបស់រាជរដ្ឋាភិបាល អនុវត្តបានកាន់តែលឿន និងល្អឥតខ្ចោះ យើងនឹងសង្ឃឹមថា សន្ទុះកំណើនសេដ្ឋកិច្ច អាចនឹងងើបឡើងតាមការរំពឹងទុក ហើយនឹងអាចបន្តងើបដល់៦ភាគរយ នៅឆ្នាំ២០២២ ខាងមុខផងដែរ ។

ធនាគារពិភពលោក បានព្យាករកាលបីម្សិលមិញនេះ ថា សេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើនជិត៤ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៃការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចរួមមាន៖ ផ្នែកឧស្សាហកម្មផលិត អាចងើបឡើងវិញជាបណ្តើរៗ ខណៈដែលអាជីវកម្មបោះដុំនិងលក់រាយ បានកំពុងប្រឹងងើបឡើងវិញក្នុងល្បឿនយឺត។

ដោយឡែកផ្នែកនានានៃវិស័យសេវា ដូចជា ការស្នាក់នៅ ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅបន្តរងការប៉ះទង្គិចខ្លាំង ដោយសារការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ រីឯការវិនិយោគផ្ទាល់ពីបរទេស នៅតែបន្តហូរចូល ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ, តែទោះយ៉ាងណាការងើបឡើងវិញនេះ ស្ថិតនៅក្នុងសភាពផុយស្រួយ ខណៈវិធានការបិទខ្ទប់នៅតែបន្តអនុវត្ត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here