ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះ ត្រូវបានរំពឺងថានឹងមានកំណើនឡើងជាវិជ្ជមានវិញ បន្ទាប់ពីបានធ្លាក់ចុះជាអវិជ្ជមានកាលពីឆ្នាំ២០២០កន្លងទៅ។
ប៉ុន្តែការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ ធនាគារពិភពលោកប្រចាំកម្ពុជាបានបង្ហាញសេណារីយ៉ូចំនួន២ ដោយទី១កំណើនសេដ្ឋកិច្ចអាចកើនឡើងវិញក្នុងរង្វង់៤ភាគរយ និងមួយទៀតអាចនឹងកើន១ភាគរយ។
យោងតាមរបាយការណ៍ និងការព្យាករណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា ក្រោមសេណារីយ៉ូគោល សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើន៤ភាគរយនៅក្នុងឆ្នាំ២០២១ ដែលគាំទ្រដោយការងើបឡើងវិញ បណ្ដើរៗនៃតម្រូវការក្នុងស្រុក ក្រោយពីការចាក់វ៉ាក់សាំងបង្ការរួច និងកំណើននៃតម្រូវការខាងក្រៅ និងលំហូរចូលមូលធន។
ការព្យាករនេះសន្មតថា ទំនុកចិត្តទីផ្សារបានវិលត្រលប់មកឡើងវិញ នៅខណៈដែលការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នាពេលថ្មីៗនេះ ដែលបានចាប់ផ្ដើមនៅខែកុម្ភៈ២០២១ នៅតែអាចគ្រប់គ្រងបានដែលនាំឱ្យមានការបន្ធូរបន្ថយវិធានការបិទខ្ទប់ជាដំណាក់កាលៗ ដោយមិនបង្កផលប៉ះពាល់ខ្លាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែង លើវិស័យសាជីវកម្ម ឬវិស័យធនាគារឡើយ។
លំហូរចូលការវិនិយោគផ្ទាល់ពីបរទេសនឹងវិលទៅរកភាពប្រក្រតីវិញ។ ក្រោមសេណារីយ៉ូគោលនេះ តាមការរំពឹងទុក អាជ្ញាធរកម្ពុជានឹងចាត់វិធានការផ្សេងៗ ក្នុងការទាក់ទាញការវិនិយោគបន្ថែម និងជំរុញ ពាណិជ្ជកម្មតាមរយៈការគ្រោងដាក់ចេញច្បាប់ស្ដីពីការវិនិយោគ(ថ្មី) នៅឆមាសទី២ ក្នុងឆ្នាំ២០២១ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវបានចុះហត្ថលេខានាពេលថ្មីៗនេះ។
ធនាគារពិភពលោកបង្ហាញថា នៅក្នុងផែនការស្ដារសេដ្ឋកិច្ចរបស់ខ្លួន កម្ពុជាខិតខំបង្កើនភាពប្រកួតប្រជែងតាមរយៈកំណែទម្រង់បរិយកាសវិនិយោគ និងការទាញប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល។ អាជ្ញាធរកម្ពុជាព្យាយាមអនុវត្តគោលនយោបាយសារពើពន្ធគាំទ្រកំណើន ពេលសេដ្ឋកិច្ចមានវិបត្តិ ដោយបន្តអនុវត្តកម្មវិធីគាំពារសង្គម ទន្ទឹមនឹងការជំរុញការវិនិយោគសាធារណៈ ដែលទទួលបានហិរញ្ញប្បទានភាគច្រើនពីប្រាក់សន្សំចរន្ត របស់រដ្ឋាភិបាល។
សម្ពាធបំណុលសាធារណៈ និងសម្ពាធថវិកា កើនឡើងយ៉ាងលឿននិងទំនងជាបន្តកើនឡើង ហើយអាជ្ញាធរកម្ពុជានឹងត្រូវពិចារណាលើជម្រើសនានាសម្រាប់ការពង្រឹងផ្នែកសារពើពន្ធនៅពេលសេដ្ឋកិច្ចស្ដារឡើងវិញ។
សេណារីយ៉ូទី២ របស់ធនាគារពិភពលោកចំពោះសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍នឹងកើនឡើង១ភាគរយ នៅឆ្នាំ២០២១នេះ។ សេណារីយ៉ូទាបបំផុតសន្មតថា ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកនឹងកាន់តែដុនដាប ដោយសារតែការបិទខ្ទប់ជាច្រើនច្រើនសា និងការរឹតត្បិតការធ្វើដំណើរ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងក្នុងការរាំងខ្ទប់ការផ្ទុះជំងឺកូវីដ១៩មិនទទួលបានជោគជ័យ ដែលនាំឱ្យសេដ្ឋកិច្ចមិនអាចស្ដារឡើងវិញបាន ទោះបីជាស្ថានភាពក្រៅប្រទេសមានភាពប្រសើរក្ដី។
កិច្ចខិតខមប្រឹងប្រែង រាំងខ្ទប់ធ្វើឱ្យខាតបង់ធនធានសាធារណៈនៅខណៈដែលការអនុវត្តកម្មវិធីចាក់ថ្នាំបង្ការត្រូវបានសន្មតថាមានល្បឿនយឺត។
ជាលលទ្ធផលទំនុកចិត្តទីផ្សារថយចុះ ដែលនាំឱ្យមានការចុះលំហូរវិនិយោគផ្ទាល់ពីបរទេសច្រើន ខណៈដែលវិស័យកម្មន្តសាលសំខាន់សម្រាប់នាំចេញដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានបង្អាក់ដោយការបិទខ្ទប់ជាច្រើនលើកច្រើនសា និងទទួលរងផលប៉ះពាល់ពីការដកដោយផ្នែកនូវការអនុគ្រោះពន្ធ EBA និងការផុតកំណត់បណ្ដោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធទូទៅGSP។ ឱនភាពសារពើពន្ធកើនឡើង ព្រោះថាចំណាយកើនឡើង ខណៈប្រាក់ចំណូលក្នុងស្រុកថយចុះយ៉ាងខ្លាំង ដោយសារតែសកម្មភាពសេដ្ឋកិច្ចអសកម្មរយៈពេលយូរ៕