អភិបាលខេត្តកំពង់ស្ពឺកំពុងជំរុញផែនការអភិវឌ្ឍន៍នៅតំបន់ផ្លូវជាតិសំខាន់ៗចំនួន៣

ដោយៈគង់ ម៉ាលីនណា

កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងជំរុញផែនការអភិវឌ្ឈន៍នៅតំបន់ផ្លូវជាតិសំខាន់ៗចំនួនបី ដែលកំពុងមានសក្តានុពល ដោយបាននិងកំពុងទាក់ទាញរោងចក្រ សហគ្រាស និងគំរោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៦ មិថុនាកន្លងមកថា រដ្ឋបាលខេត្តកំពុងជំរុញនិងរៀបចំផែនការអភិវឌ្ឍ​នៅតំបន់ផ្លូវជាតិសំខាន់ៗចំនួនបី គឺផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៥១ តាមផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាល ដែលបាននិងកំពុងជំរុញឲ្យរោងចក្រ សហគ្រាសចេញពីរាជធានីភ្នំពេញមកតាមបណ្តាខេត្ត ហើយខេត្តកំពង់ស្ពឺទទួលបានគំរោងអភិវឌ្ឍច្រើនជាងគេ។

លោកបន្តថា “ការរៀបចំបែបផែននៃការអភិវឌ្ឍ មិនមែនជារឿងសាមញ្ញទេ ក្នុងនាមអាជ្ញាធរមូលដ្ឋាន ព្រោះត្រូវគិតគូរច្រើនលើសុវត្ថិភាព សន្តិសុខ របៀបរៀបរយ និងការការបរិស្ថានជាដើម”។ លោកបន្តថា “យើងមិនលើកពីផែនការអភិវឌ្ឈន៍នៅតំបន់ផ្សេងទេ ដោយសារនៅពេលសារព៌តមានចុះផ្សាយ តែងតែធ្វើឲ្យដីឡើងថ្លៃ ដែលប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍មួយចំនួន”។

លោកបានលើកជាឧទាហរណ៍ថា ជួនកាលមានគំរោងរបស់វិនិយោគិនមួយចំនួន មានទុនក្នុងកម្រិតមួយ ដែលអាចទិញដីអភិវឌ្ឍន៍បាន ប៉ុន្តែនៅពេលមានការផ្សព្វផ្សាយ ធ្វើឲ្យដីឡើងថ្លៃ ដែលធ្វើឲ្យគំរោងអភិវឌ្ឈន៍មួយចំនួន បានប្រឈមនឹងបញ្ហាកង្វះដើមទុន។

លោកវ៉ី សំណាងបានបន្តថា រហូតមកទល់ពេលនេះ ទោះបីមានបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែរោងចក្រ សហគ្រាស​មួយចំនួននៅតែបន្តរើសកម្មករ កម្មការិនីចូលធ្វើការ ខណៈ​រោងចក្រមួយចំនួនបានបិទផ្អាកដោយផ្នែក ព្រោះមានការរីករាលដាលជំងឺកូវីដ១៩។

លោកក៏បានបង្ហើបឲ្យដឹងផងដែរថា ក្រុមហ៊ុនចំនួន២០ ដែលគ្រោងរើពីប្រទេស​មីយ៉ាន់ម៉ាមកកាន់កម្ពុជា រហូតមកទល់ពេលនេះ មានរោងចក្រចំនួនពីរ បានបើកដំណើរការហើយ និង២ទៀតកំពុងសាងសង់។ ចំណែកម្ចាស់រោងចក្រមួយចំនួនទៀត កំពុងរងទិញដី ដើម្បីរៀបចំផែនការវិនិយោគរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here