អ្នកនាញសេដ្ឋកិច្ចៈសហគ្រិនគួរឈប់រង់ចាំឱ្យវិបត្តិចប់តែគួរបង្កើតឱកាសក្នុងពេលមានវិបត្តិដើម្បីអភិវឌ្ឍន៍ខ្លួន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល បានជួបនឹងវិបត្តិនៃជំងឺកូវីឌ១៩ និងបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាច្រើន ហើយម្នាក់ៗតែនិយាយថា រង់ចាំចប់វិបត្តិនឹងចាប់ផ្ដើមរកប្រាក់ចំណូលដែលបាត់បង់នោះត្រលប់មកវិញ។

ទោះបីជាយ៉ាងក៏ដោយ សេដ្ឋវិទូបានលើកឡើងថា មិនគួររង់ចាំដល់ចប់វិបត្តិទើបចាប់ផ្ដើមអាជីវិកម្មនោះទេ តែគួរចាប់យកឱកាសនៅក្នុងពេលមានវិបត្តិបែបនេះវិញ។

លោកង៉ែត ជូអ្នកជំនាញហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានលើកឡើង និងដាក់ជាសំនួរទៅអ្នកដែលបានចោទសួរនាពេលកន្លងមកពីពាក់ព័ន្ធនឹងការបញ្ចប់នៃវិបត្តិកូវីដ១៩ថា គួរឈប់សួរថា តើសេដ្ឋកិច្ចនឹងមានភាពល្អប្រសើរ ឬបន្តក្នុងស្ថានភាពអាក្រក់ដល់ពេលណា? គួរសួរថា តើមានឱកាសល្អអ្វីខ្លះ ដែលយើងអាចធ្វើបាន និងគួរផ្តោត? ហើយគួររៀនសូត្រអ្វីខ្លះ ដើម្បីមានចំណេះដឹង និងសមត្ថភាពសមស្របនឹងការវិវត្តនៃសេដ្ឋកិច្ច និងសង្គម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញនៃវិស័យហិរញ្ញវត្ថុរូបនេះក៏បានលើកឡើងផងដែរថា នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ មានអាជីវកម្មខ្លះទទួលរងផលប៉ះពាល់ និងបាត់បង់ប្រាក់ចំណូល ប៉ុន្តែក៏មានសហគ្រិនខ្លះបានកែប្រែវិបត្តិនេះទៅជាឱកាសក្នុងការរកប្រាក់ចំណូលកាន់តែខ្ពស់ទៅទៀត ដែលអាចនិយាយបានកែប្រែពីវិបត្តិទៅជាឱកាស ដែលមិនធ្វើឱ្យខាតបង់ និងធ្វើឱ្យមុខជំនួញដួលរលំនោះឡើយ។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជាកន្លងមកក៏បានលើកឡើងផងដែរថា សហគ្រិនឆ្លាតវៃបានកែប្រែបញ្ហាប្រឈមរបស់ខ្លួនទៅជាវិបត្តិ ដោយមិនរង់ចាំឱ្យវិបត្តិនោះរលាយទៅវិញឬចប់ឡើយ។

លោកបណ្ឌិតបានថ្លែងថា ពួកគេបានចាប់យកឱកាសនៃអាជីវកម្មថ្មី ដើម្បីដំណើរការមុខជំនួញ ជាក់ស្ដែងនៅក្នុងវិបត្តិនៃកូវីដ១៩នេះ អ្វីដែលជាតម្រូវការ គេនឹងផ្គត់ផ្គង់ជូនទៅកាន់ទីផ្សារវិញ ជាក់ស្ដែងរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅពេលមានវិបត្តិ តម្រូវការលើសម្ភារៈទាំងនេះបានធ្លាក់ចុះ គេក៏បានបង្វែពីការកាត់ដេរសម្លៀកបំពាក់ទៅជាកាត់ដេរម៉ាស និងអាវការពារកូវីដ១៩ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកវិញ ព្រោះរបស់ទាំងនេះ កំពុងមានតម្រូវការខ្ពស់ក្នុងពេលកូវីដ១៩នៅមិនទាន់បញ្ចប់។

លោកបណ្ឌិតបានបន្តថា ក្រៅពីអាជីវកម្មទាំងនេះ ក៏នៅមានអាជីវកម្មមួយចំនួនទៀត ដែលមានតម្រូវការក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ ដូចជាការដឹកជញ្ជូនអាហារ ការលក់ទំនិញតាមអនឡាញ និងការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ លោកបណ្ឌិតបានន្តថា អាជីវកម្មទាំងនេះ គឺជាអាជីវកម្មដែលពេញនិយមនិងមានតម្រូវការខ្ពស់ ពីព្រោះមនុស្សលែងត្រូវការចេញក្រៅ ដើម្បីរកសេវាផ្ទាល់ៗ ដូច្នេះពួកគេត្រូវពឹងលើអ្នកផ្ដល់សេវាកម្មទាំងនេះ ដើម្បីជួយពួកគេ។

លោកបណ្ឌិតបញ្ជាក់ថា បញ្ហាមិនមែនជាឧបសគ្គសម្រាប់សហគ្រិននោះទេ។ នៅពេលមានបញ្ហាប្រឈមទើបមានការគិតរកដំណោះស្រាយបញ្ហាឱ្យបានល្អប្រសើរឡើងវិញ ហើយក៏មិនត្រូវរង់ចាំឱ្យបញ្ហានោះរលាយទៅវិញដោយមិនបានធ្វើអ្វីនោះឡើយ គឺត្រូវចេះកែប្រែបញ្ហាទៅជាឱកាសសម្រាប់ខ្លួនយើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here