ក្រសួងឧស្សាហកម្មផ្តោតលើការពង្រឹងគុណភាព នវានុវត្តន៍និងប្រព័ន្ឋផលិតកម្ម

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិមួយស្តីពី វដ្ដនៃគុណភាព នវានុវត្តន៍ និងប្រព័ន្ធផលិតកម្ម (LEAN) ដើម្បីលើកកំពស់ផលិតភាពសហគ្រាសធនតូចនិងមធ្យម(SME)។

មានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលានេះ ដែលរៀបចំឡើងតាមប្រព័ន្ធហ្សូម (Zoom Cloud Meeting) លោកបណ្ឌិតចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថាផលិតកម្ម LEAN ជាប្រព័ន្ធផលិតកម្មថ្មីមួយ ជួយលើកកម្ពស់ផលិតភាព SME ការបណ្តុះផ្នត់គំនិតដល់ក្រុមហ៊ុន ផ្តោតលើទស្សនៈវិស័យកាន់តែទូលំទូលាយ ដើម្បីក្លាយជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ជាពិសេសជួយដល់សហគ្រាសប ង្កើនសកម្មភាពផ្តល់តម្លៃបន្ថែមខ្ពស់នៅក្នុងខ្សែផលិតកម្ម។

លោកបន្តថា ទោះបីជាមានវិបត្តិសុខភាពសាកលកូវីដ១៩យ៉ាងណាក្តី ក្រសួងនៅតែបន្តស្វះស្វែងរកវិធីសាស្ត្រ ដើម្បីជួយស្តារស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុន និងSME នៅកម្ពុជា។ ជាក់ស្តែងក្នុងរយៈពេលជាង១ឆ្នាំមកនេះ មជ្ឈមណ្ឌលផលិតភាពជាតិ សហការជាមួយអង្គការផលិតភាពអាស៊ី(APO)បានសាកល្បងអនុវត្តន៍ គម្រោងផ្តោតលើផលិតកម្ម LEAN (LEAN Manufacturing) ទៅលើក្រុមហ៊ុនគំរូចំនួន៣ តាមរយៈការផ្តល់ការប្រឹក្សាយោបល់ដោយផ្ទាល់ខ្លះ និងពីចម្ងាយតាមប្រព័ន្ធអនឡាញ ដើម្បីវាស់វែងនៃវិធីសាស្ត្រផលិតភាព ក្នុងបរិបទពិភពលោកបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកចម ប្រសិទ្ឋបានឲ្យដឹងទៀតថា តាមរយៈការរៀនសូត្រពីបទពិសោធន៍ទាំងនេះ ឃើញថា ប្រព័ន្ធនេះផ្តោតលើការបង្កើនសកម្មភាព ផ្តល់តម្លៃបន្ថែមជូនអតិថិជនរបស់ខ្លួន ហើយកាត់បន្ថយសកម្មភាព នឹងបានផ្តល់តម្លៃបន្ថែមឲ្យបានកាន់តែខ្ពស់ ដែលកន្លងមកសកម្មភាពផ្តល់តម្លៃបន្ថែមនេះ តាមរយៈការអនុវត្តរបស់ក្រុមហ៊ុននានាមាន មិនបានដល់៣ភាគរយនោះឡើយ ដែលជាការធ្វើឲ្យក្រុមហ៊ុន ចំណាយរហូតដល់៩៧ភាគរយ លើសកម្មភាព ដែលពុំបានផ្តល់តម្លៃបន្ថែមជូនអតិថិជន ដែលនេះជាការខាតបង់យ៉ាងច្រើនសម្បើម។

បើសហគ្រាសអាចបង្កើនសកម្មភាព ផ្តល់តម្លៃបន្ថែមដល់៥ភាគរយ ឬដល់១០ភាគរយ នោះសហគ្រាសនឹងអាចទទួលបានជោគជ័យ នឹងក្លាយជាសហគ្រាសឆ្នើមផងដែរ។

លោករដ្ឋមន្រ្តីចម ប្រសិទ្ឋបានបន្ថែមថា ចំពោះបទពិសោធន៍សំខាន់ ដែលវិស័យឯកជន ចាំបាច់គួរតែមានជាមូលដ្ឋានគ្រឹះរឹងមាំនោះគឺ ការអនុវត្ត “ស៥” និងប្រព័ន្ធគ្រប់គ្រងគុណភាពដូចជា ISO9001:2018 ដោយវានឹងបង្កលក្ខណៈអំណោយផល ដល់ការអនុវត្ត LEAN តាមរយៈប្តូរទម្លាប់ និងវិន័យសំរាប់បុគ្គលិកកម្មករ និងរៀបចំនីតិវិធីគ្រប់គ្រងជាប្រព័ន្ធឲ្យកាន់តែច្បាស់លាស់។

LEAN អាចធ្វើឲ្យរឿងខ្លះដែលគិតថា មិនអាចទៅរួចគឺឲ្យទៅរួច ដោយគ្រាន់តែប្តូរការគិត ឲ្យស្គាល់ភាពខ្លះខ្ជាយទាំង៨ រាប់បញ្ចូលទាំងផលិតផលខូច ផលិតលើសតម្រូវការ ការរង់ចាំ ការដឹកជញ្ជូន សន្និធិ ចលនាមិនចាំបាច់របស់មនុស្ស ដំណើរការផលិតលើស, និងភាពប៉ិនប្រសប់ពុំបានយកមកប្រើ ហើយរកវិធីសាស្ត្រ ឬឧបករណ៍ផលិតភាពនានាមកទប់ស្កាត់ លុបបំបាត់ និងកាត់បន្ថយវាចោលជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here