អាជីវករប្រមាណ៧០ភាគរយវិលត្រលប់ទៅកាន់ទីតាំងអាជីវកម្មឡើងវិញក្រោយ អាជ្ញាធរប្រកាសភ្លើងខៀវ

ដោយៈលក្ខិណា

ភ្នំពេញៈ បន្ទាប់ពីអាជ្ញាធរបានប្រកាសឱ្យអាជីវករ តាមផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ អាចធ្វើអាជីវកម្មឡើងវិញបាន នៅថ្ងៃទី១៥ មិថុនា២០២១នេះ គេសង្កេតឃើញថាអាជីវករតាមផ្សាររដ្ឋប្រមាណ៧០ភាគរយ បានវិលចូលទីតាំងធ្វើអាជីវកម្មឡើងវិញ និងមានការត្រួតពិនិត្យត្រឹមត្រូវពីប្រធានផ្សារនីមួយៗ ក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរាលដាលបន្តទៀត។

បើតាមប្រធានផ្សាររដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយសារតែសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ នៅពេលយប់ធ្វើឱ្យអាជីវករមួយចំនួនទៀតមិនបានត្រៀមខ្លួន ក្នុងការបើកអាជីវកម្មនៅថ្ងៃបន្ទាប់បាន ទើបនៅថ្ងៃទី១នៃថ្ងៃបើកអាជីវកម្មវិញ មានអាជីវករត្រឹមតែប្រមាណ៦០ទៅ៧០ភាគរយចូលលក់ដូរ។

លោកចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥មិថុនានេះថា ផ្សារទួលទំពូងចាប់ផ្តើមបើកលក់នៅព្រឹកនេះ ដោយគោរពតាមវិធានសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ច្រកចេញចូលផ្សារចំនួន១០ ត្រូវបានបើកទ្វារសំរាប់អាជីវករ បានលក់ដូរជាធម្មតាឡើងវិញ ដោយនៅតាមច្រកចេញចូល លោកបានចាត់ចែង ឱ្យមានកម្លាំងសន្តិសុខជួយសម្រួល ដោយមានការបាញ់កម្តៅ លាងអាល់កុលនិងធ្វើការស្កេនQRកូដផងដែរ មុននឹងអនុញ្ញាតិឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ ។

លោកបន្តថា “ថ្ងៃនេះមានអាជីវករមកលក់ដូរ ប្រមាណ៧០ភាគរយប៉ុណ្ណោះមកលក់ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង និងមួយចំនួនទៀតមិនទាន់បានដឹងនូវឡើយ”។

 

ប៉ុន្តែចំពោះអាជីវករខាងលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ ។
ចំណែកឯគណៈកម្មការផ្សារបឹងកេងកងឯណេះវិ ញលោកនិមល បានឱ្យដឹងថា អាជីវករមកបើកតូបលក់ដូរនាថ្ងៃ បើកផ្សារទូលំទូលាយពេលនេះ បានប្រមាណ៧០ភាគរយប៉ុណ្ណោះ ។ ផ្សារបានបើកច្រកចេញចូល៥ច្រក ក្នុងច្រកនីមួយៗ មានដាក់ម៉ាស៊ីនវាស់កំដៅ និងស្កេន QR codeពិសេសស្លាក ៣កុំ ៣ការពារ របស់សម្តេចតេជោ។

ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសំអាត និងរៀបចំឥវ៉ាន់ ដើម្បីលក់នាថ្ងៃបន្ទាប់។ ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញ ដែលបានអនុញ្ញាត អោយបើកដំណើរការលក់ដូរផ្សារទាំង២៥ឡើងវិញ ។

ដោយឡែកប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានលើកឡើងថា ផ្សារធំថ្មី អាជីវករបានពាក់ម៉ាស់គ្រប់ គ្នារួមទាំងការវ៉ាស់កំដៅពេលចេញចូល ផ្សារដែលមាន៩កន្លែង,ការដាក់QR Code រួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់និងអ្នកចេញចូលផ្សារ និងមានកន្លែងលាងដៃ មានសាប៊ូនិងជែលផងដែរ។

លោកស្រីបញ្ជាក់ថា “ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩”។

ចំណែកលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅវិញ ក៏បានប្រាប់ ឱ្យដឹងដែរថា នៅផ្សារច្បារអំពៅ បានបើកតូបប្រហែល៤០ភាគរយ និងមានអតិថិជន ប្រហែល៣០ភាគរយ បានចូលមកលក់ដូរហើយរំពឹងថា នៅថ្ងៃស្អែកអាជីវករនឹងបន្តចូលមកលក់ដូរកាន់តែច្រើនឡើងៗ ហើយមិនយូរទេនឹងដូចប្រក្រតីឡើងវិញ។
ប៉ុន្តែយ៉ាងណាគណៈកម្មការផ្សារ នៅតែបន្តផ្សព្វផ្សាយនិងជំរុញឲ្យបងប្អូនអាជីវករចូលរួមអនុវត្តឲ្យបានមើលម៉ាត់ នូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here