កម្ពុជាទទួលបានធនធានរ៉ែពីរប្រភេទដ៏សំខាន់ដែលជាប្រភពចំណូលសម្រាប់ ជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប្រមាណកន្លះឆ្នាំមកនេះ ធនធានរ៉ែសំខាន់ៗពីរប្រភេទរបស់កម្ពុជា រួមមានរ៉ែមាស និងប្រេង ត្រូវបានរាជរដ្ឋាភិបាលបានប្រកាសទាញយកមកប្រើប្រាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ខណៈកម្ពុជាក៏កំពុងជួបវិបត្តិនឹងជំងឺរាតត្បាតសកលកូវីដ១៩។

កាលពីចុងឆ្នាំ២០២០កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំណើរការបូមប្រេង ដែលជាដំណក់ប្រេងដំបូងរបស់កម្ពុជា ហើយរំពឹងថាធនធានដ៏សំខាន់នេះ នឹងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមួយចំណែកផងដែរ ប៉ុន្តែមកដល់ពេលនេះ ប្រេង ដែលក្រុមហ៊ុនបូមបាននោះ នៅតែមិនទាន់បានលក់ចេញទៅកាន់ទីផ្សារ ព្រោះមិនទាន់បានកែច្នៃនៅឡើយ។

ដោយឡែកកាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសពីការដាក់ដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មតាមស្ដង់ដារអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងលិខិតជូនពររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី១០ មិថុនា២០២១នេះ បានឱ្យដឹងថា ក្រុមហ៊ុនរុករករ៉ែមាសនៅកកម្ពុជាហើយ ត្រូវបានប្រកាសឱ្យបើកការដ្ឋានធ្វើអាជីវកម្មនេះ ជាក្រុមហ៊ុនអូស្ត្រាលី។

សម្ដេចតេជោមានប្រសាសន៍ថា បើតាមរបាយការណ៍សមិទ្ធិលទ្ធភា ពដែលបានផ្ដល់ ក្រុមហ៊ុនអាចផលិតមាសសុទ្ធ បានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកមបន្ថែមទៀត ក្រោយរយៈពេល៨ឆ្នាំដំបូងនេះ។

សម្ដេចតេជោមានប្រសាសន៍បន្តថា មកដល់ពេលនេះ កម្ពុជារំពឹងថាផលិតផលមាសជាលក្ខណៈឧស្សាហកម្ម ពីរណ្តៅរ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរីនឹងផ្ដល់ផលប្រយោជន៍ជាចំណូលដុល ជាមធ្យមប្រមាណ១៨៥លានដុលក្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍តាមសារអេឡិចត្រូនិក នៅរសៀលថ្ងៃទី១១ មិថុនា ២០២១នេះថា ការទាញយកធនធានរ៉ែទាំងនេះ ជាការរួមចំណែកមួយសម្រាប់ការអភិវឌ្ឍប្រទេស ជាពិសេសទៅលើការចំណាយរបស់រដ្ឋាភិបាល ទៅលើមូលធន។

លោកបណ្ឌិតបានថ្លែងបន្តថា “ដូចអ្វីដែលយើងបានដឹង និងបានឃើញកន្លងមក    រដ្ឋាភិបាលចំណាយចរន្ត តាមរយៈប្រមូលចំណូលពន្ធ ហើយក៏បានចាយសល់មួយចំនួន ដែលមានអតិរេក៣ភាគរយប្រចាំឆ្នាំ ហើយបើទោះបីជាមានវិបត្តិ ដោយសារកូវីដ១៩នេះក៏ដោយ ក៏រដ្ឋាភិបាលនៅតែគ្រប់គ្រងចំណូល និងចំណាយបានល្អ”។

លោកបានឱ្យដឹងបន្តថា ការរកឃើញនិងទាញរ៉ែមកប្រើប្រាស់នៅពេលនេះ នឹងធ្វើឱ្យរដ្ឋាភិបាល អាចមានចំណូលមូលធនបន្ថែមទៀត សម្រាប់ការអភិវឌ្ឍប្រទេស និងជាគ្រឹះ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនដែលបានកំណត់ នៅពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here