រដ្ឋាភិបាលដាក់ចេញច្បាប់ថ្មីដើម្បីជំរុញការផ្តល់សេវាហិរញ្ញវត្ថុមិនមែនធនាគារ

ដោយៈ សាវុធ

ភ្នំពេញៈ រាជរដ្ឋាភិបាលបានបង្កើតច្បាប់ស្តីពីអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពក្រោមឱវាទ និងដើម្បីជំរុញការផ្តល់សេវាហិរញ្ញវត្ថុមិនមែនធនាគារ។ នេះបើយោងតាមការការសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

លោកអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. នៅថ្ងៃទី ៩ខែ មិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” អាណត្តិទី១ លើកទី១ បន្ទាប់ពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ នាពេលកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ” អនុលោមតាមមាត្រា១២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានរៀបចំ និងតាក់តែងឡើង ក្នុងគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាព ក្នុងនោះ រួមមាន៖ អគ្គលេខាធិការដ្ឋាន និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងអង្គភាពសវនកម្មផ្ទៃក្នុង។

ក្រៅពីវារៈសំខាន់ខាងលើ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានពិភាក្សា សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សានៃ អ.ស.ហ. ត្រូវបានរៀបចំឡើងក្នុងគោលដៅធានាឱ្យដំណើរការ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សា អ.ស.ហ. ធ្វើឡើងដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបំពេញមុខងារ និងភារកិច្ច ដូចមានចែងក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ អ.ស.ហ. និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

 

បទបញ្ជាផ្ទៃក្នុង របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មាន៣ជំពូក និង១២ប្រការ ដោយចែងអំពីខ្លឹមសារសំខាន់ៗ រួមមានលក្ខខណ្ឌ និងបែបបទនៃកិច្ចប្រជុំ ការកំណត់កូរ៉ុម និងនីតិវិធីនៃការអនុម័តលើរបៀបវារៈ ព្រមទាំងការឈប់សម្រាកជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here