ដោយៈប៊ី
ភ្នំពេញៈ ប្រទេសកម្ពុជាបាននាំចេញកង់ជាង១,១លានគ្រឿង មានទំហំទឹកប្រាក់សរុប២៤១,៧លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០។ នេះបើយោងតាមយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីពេលថ្មីៗនេះ។
ការនាំចេញកង់សរុបនៅឆ្នាំនេះ អាចកើនលើស៤១២,៥លានដុល្លារ ដែលបាននាំចេញក្នុងឆ្នាំ២០១៩។ នៅឆ្នាំ ២០១៨ ការនាំចេញកង់មានចំនួនសរុប៣៣១ លានដុល្លារ។ ជាងពាក់កណ្តាលនៃកង់ចំនួន១,១លានគ្រឿង ក្នុងឆមាសទី១នៃឆ្នាំ២០២០ ត្រូវបាននាំចេញទៅអឺរ៉ុប។ ទិសដៅផ្សេងទៀតសម្រាប់នាំចេញកង់ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុន។
ទិន្នន័យគយបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចូលកង់ចំនួន ១៩២.៣៩៧ គ្រឿងដែលសរុបជាទឹកប្រាក់ចំនួន៤,៣៤ លានដុល្លារក្នុងរយៈពេលដូចគ្នា។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ការនាំចេញផលិតទូទៅសរុបរបស់កម្ពុជា សម្រេចបានទំហំទឹកប្រាក់ជាង៧,០១ពាន់លានដុល្លារ កើនឡើងជិត៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញកង់បានកើនឡើង១៨ភាគរយ៕