ដោយៈ សាវុធ
ភ្នំពេញៈ ប្រជាជនកម្ពុជាជាច្រើនចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់បញ្ជរ ទៅការប្រើប្រាស់ស្វ័យប្រតិបត្តិការ ATM និងការប្រើ Mobile App អំឡុងពេលវិបត្តិនៃជម្ងឺកូវីដ១៩ ហើយនិន្នាការនេះបានធ្វើឱ្យប្រជាជន ឬអតិថិជនចំណេញពេលវេលានិងថវិកាជាដើម។ នេះបើយោងតាមការលើកឡើងរបស់ប្រធានសមាគមធនាគារនៅកម្ពុជា។
ប្រធានសមាគមធនាគារនៅកម្ពុជាលោកបណ្ឌិតអ៊ិន ចាន់នីបានថ្លែងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះថា មុនវិបត្តិនៃជំងឺកូវីដ១៩ អតិថិជនរបស់ធនាគារ ភាគច្រើនប្រើប្រាស់បញ្ជសម្រាប់ប្រតិបត្តិការដកលុយ និងដាក់លុយ ផ្ទេរលុយជាដើម (ការទូទាត់) ដែលការប្រើប្រាស់ប្រតិបត្តិការនេះ គឺអតិថិជនត្រូវទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុដោយផ្ទាល់។
លោកបណ្ឌិតបានថ្លែងបន្តថា បន្ទាប់ពីមានការរីករាលដាលជម្ងឺកូវីដ១៩ ក៏ដូចជាការអនុវត្តន៍វិធានការ ៣ កុំ ៣ ការពារ គឺបានជម្រុញផ្លាស់ប្តូរទម្លាប់អតិថិជនរបស់ធនាគារជាច្រើន ជាក់ស្តែងមកដល់បច្ចុប្បន្ន ការប្រើប្រាស់តាមបញ្ជរ មានអតិថិជនប្រើប្រាស់ប្រមាណជិត១០ភាគរយប៉ុណ្ណោះ ក្នុងនោះអតិថិជនប្រមាណជាង៩០ភាគរយ បានកំពុងប្រើប្រាស់ស្វ័យប្រតិបត្តិការ ប្រើ ATM និងការប្រើ Mobile App ជាដើម ដែលប្រតិបត្តិការនេះក្លាយជានិន្នាការទៅរករបត់ថ្មី នៃការផ្លាស់ប្តូរទម្លាប់អតិថិជន រហ័ស និងមានភាពជឿជាក់ ចំណេញទំាំងពេលវេលា និងថវិការជាដើម។
លោកបណ្ឌិតបានឱ្យដឹងទៀតថា ចំពោះធនាគារអេស៊ីលីដា ចំនួនប្រតិបត្តិការសរុបប្រចាំខែ ស្មើនឹង១០ លានប្រតិបត្តិការ ក្នុងនោះ៩៣% អនុវត្តន៍តាមប្រព័ន្ធឌីជីថលរួមមាន៖ ACLEDA Mobile, ATMS, and POSs. បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មុនពេលគ្របដណ្តប់ដោយជម្ងឺកូវីដ-១៩ ប្រតិបត្តិការនៅតាមឌីជីថល រួមទាំងម៉ាស៊ីន ATMS មានប្រហែល៧០% ប៉ុណ្ណោះ។
លោកបណ្ឌិតបានថ្លែងទៀតថា តែទោះយ៉ាងណាចំនួនប្រតិបត្តិការដែលឈានដល់៩៣% នេះ ពីព្រោះប្រជាជនយកចិត្តទុកដាក់លើសុខភាពរបស់គាត់ ហើយប្រជាពលរដ្ឋកម្រនឹងចេញក្រៅ ឬមកធ្វើការដោយផ្ទាល់ជាមួយធនាគារជាដើម។ ដោយឡែកទាក់ទងនឹងបរិមាណប្រតិបត្តិការជាសាច់ប្រាក់វិញ គឺមានទំហំប្រមាណស្មើនឹង១០ពាន់លានដុល្លារអាមេរិក ក្នុងមួយខែ ក្នុងនោះ៧០% ត្រូវបានធ្វើតាមបញ្ជរ និង ៣០% ត្រូវបានអនុវត្តន៍តាមរយៈឌីជីថល៕