កំនើនឥណទានថ្មីៗមិនប្រាកដថាផ្តល់ផលល្អសម្រាប់សេដ្ឋកិច្ចឬយ៉ាងណា?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមសេដ្ឋវិទូកម្ពុជាបានព្រមានថា កំណើនឥណទាននៅក្នុងអំឡុងវិបត្តិកូវីដ១៩ មិនប្រាកដថាល្អសំរាប់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនោះទេ នេះបើតាមអ្នកវិភាគសេដ្ឋកិច្ចនានាបានលើកឡើង។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍បានមានប្រសាសន៍ឲ្យដឹងថា ប្រាក់កម្ចីគឺជាអាវុធមុខពីរ ហើយប្រាក់កម្ចីកើនឡើងមិនប្រាកដថាល្អសម្រាប់សេដ្ឋកិច្ចនោះទេ ជាពិសេសនៅក្នុងបរិបទកូវីដ១៩។ ប្រសិនបើកម្ចីនោះសម្រាប់ការប្រើប្រាស់ វានឹងមានវិបត្តិកាន់តែធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច ពោលគឺស្មើនឹងលក់ទ្រព្យសម្បត្តិចាយ បើគាត់យកប្លង់ផ្ទះទៅដាក់បញ្ចាំដើម្បីបានប្រាក់កម្ចី។ លោកបន្តថា ផ្ទុយទៅវិញ ប្រសិនបើកម្ចីនោះសម្រាប់ផលិតកម្មនានា នោះទើបហៅថាកម្ចីល្អដែលអាចជួយដល់ការជំរុញសេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា “តាមការសង្កេត ការកើនឡើងនូវកម្ចីភាគច្រើន ផ្តោតលើការទិញអចលនទ្រព្យ ដែលម្ចាស់អចលនទ្រព្យរងវិបត្តិហើយ ត្រូវលក់វិញក្នុងតម្លៃធូរថ្លៃ។ ពេលនោះ មនុស្សមួយចំនួនដែលយល់ថាអាចទិញបាន ពួកគាត់នឹងខ្ចីលុយ ដើម្បីយកមកទិញអចលនទ្រព្យនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ឥណទានបញ្ចេញថ្មីក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន១,១១២ លានដុល្លា សម្រាប់អតិថិជន១១៨ ៤៧៦នាក់ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល កើនឡើងបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុ មានចំណែកអតិថិជន៦៣% ប៉ុន្តែឥណទានមានប្រមាណតែ ២២%នៃឥណទានសរុប។

លោកគី សិរីវឌ្ឈន៍បានបន្តថា “វិស័យអចលនទ្រព្យគឺជាកត្តារារាំងដល់វិស័យផលិតកម្ម ព្រោះការលូតលាស់វិស័យអចលនទ្រព្យខ្លាំងពេក ធ្វើឱ្យមនុស្សមួយចំនួនតូចក្លាយជាអ្នកមាន”។លោកបន្តថា “ចំណែកផលិតកម្មនៅក្នុងស្រុកអត់មាន ធ្វើឱ្យយើងបាត់បង់ទម្លាប់នៃការផលិតហើយត្រូវទិញគេជារៀងរហូត”។

ស្ថាប័នអន្តរជាតិធំៗដូចជា ADB, IMF, World Bankជាដើមបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជារំពឹងនឹងមានកំនើន ក្នុងរង្វង់៤ភាគរយនៅឆ្នាំនេះ និងកំណើន៦ភាគរយនៅឆ្នាំ២០២២ ។

សេដ្ឋវិទូជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លោកYasuhisa Ojimaបានព្រមានថា ភាពមិនប្រាកដប្រជានៅតែមានចំពោះឥណទាន សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងវិស័យទេសចរណ៍។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាឥណទានអតិថិជន របស់គ្រឹះស្ថានធនាគារកើនឡើង១៥% ដោយឥណទានទាំងនេះ បានផ្ដល់ទៅកាន់ វិស័យសេដ្ឋកិច្ចរួមមាន ការជួញដូររាយ ១៥,៥ភាគរយ ការជួញដូរដុំ ៩,៧ភាគរយ ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន១២,៨ភាគរយ សំណង់៩,២ភាគរយ និងការជួញដូរអចលនទ្រព្យ៨,៤ភាគរយ។

ជាមួយគ្នានេះ សេដ្ឋវិទូកម្ពុជាមួយរូបទៀត លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា កំនើនឥណទានខ្លាំងពេក ក៏មានហានិភ័យដល់សង្គមសេដ្ឋកិច្ចផងដែរ ព្រោះបើវាកើនលើសផលទុនជាតិសរុបខ្លាំងពេលវានឹងគ្រោះថ្នាក់។ លោកបន្តថា អ្វីៗក៏ដោយបើប្រើប្រាស់លើសកម្រិតខ្លាំងពេក វានឹងជាបញ្ហា។

លោកបន្តថា “ឥណទានប្រៀបដូចជាខ្លាញ់ក្នុងខ្លួនមនុស្ស រាងកាយមនុស្សត្រូវការខ្លាញ់ ប៉ុន្តែមិនត្រូវការច្រើនពេកទេ ព្រោះបើខ្លាញ់ច្រើនពេក នឹងធ្វើឲ្យរាងកាយយើងមានបញ្ហា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here