អ្នកនាំពាក្យៈ រោងចក្រចំនួន១៤ក្នុងខេត្តព្រះសីហនុតម្រូវឱ្យផ្អាកបណ្តោះអាសន្នដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ដោយ: សាវុធ

ព្រះសីហនុៈ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោកឃាង ភារម្យ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រោងចក្រចំនួន១៤នៅក្នុងខេត្តព្រះសីហនុត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈរហូតមកដល់ពេលនេះ កម្មករនិយោជិតរកឃើញវិជ្ជមានកូវីដ១៩ សរុបចំនួន១ ៣៤៣នាក់នៅក្នុងខេត្តមួយនេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមិថុនាម្សិលមិញនេះ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមបណ្តារោងចក្រ សហគ្រាសពាណិជ្ជកម្មក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយអំពាវនាវឲ្យម្ចាស់/និយោជករោងចក្រ សហគ្រាសទាំងអស់ត្រូវអនុវត្តជាចាំបាច់តាមការណែនាំ ក៏ដូចជាផ្តល់កិច្ចសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានក្នុងប្រតិបត្តិការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ប្រតិបត្តិការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩មាន ដូចជាផ្តល់ម៉ាសចំនួន២ ក្នុង១ថ្ងៃ និងត្រូវណែនាំឲ្យកម្មករនិយោជិតពាក់ម៉ាសជាប្រចាំទាំងនៅក្នុងនិងក្រៅកន្លែងធ្វើការ រៀបចំឲ្យមានម៉ាស៊ីនបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគលើដងខ្លួននៅច្រកចេញ-ចូលរោងចក្រ សហគ្រាស ព្រមទាំងវាស់កម្តៅមុនពេលចូលធ្វើការ និងក្រោយពេលអាហារថ្ងៃត្រង់…។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះ រដ្ឋបាលខេត្តក៏បានលើកទឹកចិត្តឲ្យរោងចក្រ សហគ្រាសរៀបចំមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតប្រចាំរោងចក្រ សហគ្រាសរបស់ខ្លួនចៀសវាងការជិះរថយន្តរួមគ្នា ប្រជ្រៀតគ្នា លាយឡំគ្នាច្របូកច្របល់រវាកម្មករនិយោជិតនៃរោងចក្រផ្សេងៗគ្នាជាដើម-ល-។

ពាក់ព័ន្ធនឹងការអនុវត្តវិធានការសុខាភិបាល រដ្ឋបាលខេត្តព្រះសីហុនុ បានស្នើរោងចក្រ សហគ្រាសនីមួយៗត្រូវត្រួតពិនិត្យកម្មករនិយោជិតក្នុងរោងចក្រ ដើម្បីធានាឲ្យបានជាដាច់ខាតនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចជាការពាក់ម៉ាស់ លាងសម្អាតដៃជាប់ជាប្រចាំ និងរក្សាគម្លាតសង្គម…។

ក្នុងករណីការធ្វើតេស្តរកឃើញមានអ្នកមានវិជ្ជមានកូវីដ១៩ រោងចក្រ សហគ្រាសត្រូវរៀបចំដាក់អ្នកវិជ្ជមាននោះឲ្យនៅដាច់ដោយឡែកក្នុងគិលានដ្ឋានរបស់រោងចក្រ សហគ្រាសផ្ទាល់ និងត្រូវរាយការណ៍ភ្លាមមកមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរការងារខេត្ត ឬអាជ្ញាធរមូលដ្ឋាន និងហាមដាច់ខាត ក្នុងការលាក់បាំងអ្នកមានវិជ្ជមានកូវីដ១៩ ក្នុងរោងចក្រ សហគ្រាស និងមិនត្រូវអនុញ្ញាតឲ្យអ្នកវិជ្ជមានកូវីដ១៩ ចាកចេញពីទីតាំងរបស់ខ្លួនដាច់ខាតផងដែរ ដោយត្រូវរងចាំឲ្យក្រុមការងារដូចបានរៀបរាប់ខាងលើមកដល់ទីតាំង និងធ្វើការចាត់ចែងបន្តតាមវិធានការសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here