លោកហូ វណ្ឌីៈ ទេសចរណ៍ក្នុងស្រុករបស់កម្ពុជានឹងងើបឡើងវិញមុនគេធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន

ដោយៈលក្ខិណា

ភ្នំពេញៈ អ្នកជំនាញទេសចរណ៍បានអះអាងថា កម្ពុជាបាននិងកំពុងទទួលបានកំនើនភ្ញៀវទេសចរក្នុងស្រុកមុនគេ ក្នុងចំណោមប្រទេសនានាក្នុងតំបន់អាស៊ាន ដោយសារការប្រយុទ្ឋជំងឺកូវីដ១៩របស់រដ្ឋាភិបាលបានធ្វើឡើងយ៉ាងសកម្ម។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរកម្ពុជាថ្លែងក្នុងកិច្ចសម្ភាសន៍មួយកាលពីចុងសប្ដាហ៍មុនថា ក្នុងតំបន់អាស៊ានយើងឃើញថាកម្ពុជា ជាប្រទេសមួយដែលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ដ៏សកម្មបន្ទាប់ពីប្រទេសសិង្ហបុរី ។ ដោយសារតែសកម្មភាព នៃការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ១៩ បានល្អរបស់ប្រទេសកម្ពុជា យើងរំពឹងថា ទេសចរណ៍នឹងងើបឡើងវិញឆាប់ៗ ហើយការងើបឡើងវិញនេះ គឺងើបតែសម្រាប់ទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះ។ ចំណែកភ្ញៀវទេសចរណ៍ទេសចរបរទេសចូលកម្ពុជា និងទេសចរក្នុងស្រុកចេញទៅក្រៅប្រទេស នៅតែមិនទាន់ងើបឡើងវិញនៅពេលឆាប់ៗនេះទេ។

លោកបន្តថា” បើនិយាយពីលក្ខខណ្ឌពិភពលោកទាំងមូល យើងឃើញថាប្រទេសរីកចម្រើនមួយចំនួន ក៏បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ដោយប្រទេសខ្លះបានបិទខ្ទប់រាប់ខែ និងប្រទេសខ្លះបិទខ្ទប់ចូលដល់ឆ្នាំទៅហើយ”។លោកបន្តថា “ដោយសារតែមេរោគកូវីដ១៩ ចេះបំប្លែងខ្លួន បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រក៏ពិបាក ក្នុងការទប់ស្កាត់ ដូច្នេះហើយទេសចរក្នុងស្រុករបស់យើង នៅតែមិនទាន់ចេញធ្វើដំណើរទៅក្រៅបាននៅឡើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហូ វណ្ឌីបានបន្ថែមថា ដោយសារតែមិនទាន់អាចចេញធ្វើដំណើរទៅក្រៅប្រទេសបាន អ្នកទេសចរក្នុងស្រុកទាំងអស់ នឹងចេញធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋាននានាក្នុងប្រទេស ក្រោយពេលរដ្ឋាភិបាល បានចាក់វ៉ាក់សាំងជូនពលរដ្ឋកាន់តែច្រើន ហើយសកម្មភាពទេសចរណ៍ក្នុងស្រុក នឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការជំរុញកំណើនវិស័យទេសចរណ៍ងើបឡើងវិញបន្តិច។

លោកបន្តថា “នៅពេលពលរដ្ឋចាប់ផ្ដើមដើរហើរទៅ កម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងស្រុកនេះ នឹងធ្វើអ្នកផ្គត់ផ្គង់សេវាកម្មទេសចរណ៍ក្នុងស្រុក នឹងអាចរកចំណូលបានពីការដើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងស្រុកនេះ”។

លោកបានក្រើនរំលឹក ដល់អ្នកបម្រើសេវាកម្មទេសចរណ៍ទាំងអស់ថា សូមកុំឱ្យភ្ញៀវទេសចរទៅលេងតែម្ដង ហើយគេលែងចង់ទៅម្ដងទៀត តែត្រូវធ្វើយ៉ាងណាឱ្យភ្ញៀវមកលេងម្ដងហើយ ចង់ទៅម្ដងទៀត ។ ទាំងនេះគឺជាអ្វីដែលប្រតិបត្តិករទេសចរទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្មបានយូរអង្វែង ដោយមិនមែន យកចំណេញម្ដងហើយឈប់រកស៊ីរហូតនោះទេ។

លោកបន្តថា “អ្វីដែលពិសេសនោះ រដ្ឋាភិបាលគួររៀបចំផែនការ ពន្យារពេលវេលាដល់ភ្ញៀវទេសចរ ដើម្បីធ្វើដំណើរកម្សាន្ត និងស្នាក់នៅក្នុងប្រទេសបានយូរ ក្នុងពេលទេសចរបរទេសចាប់ផ្ដើមធ្វើដំណើរកម្សាន្ត ដោយបង្កើតនូវតំបន់រមណីយដ្ឋានថ្មីៗបន្តបន្ទាប់ទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here